សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ បន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង

2

ទីក្រុង​ប៉េកាំង​៖​ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុង​ប៉េកាំង​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ និងលោកស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​​ នាព្រឹកថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣នេះ​ បានបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន​។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិន សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិក្សាការងារជាមួយមេដឹកនាំចិន រួមមាន លោក ស៊ី ជិនពិង ប្រធានាធិបតីចិន លោក ចាវ ឡឺជី ប្រធានសភាប្រជាជនចិន លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។

ជំនួបទាំងនេះមេដឹកនាំកម្ពុជា និងមេដឹកនាំចិន បានបង្ហាញជំហរនយោបាយទ្វេភាគី តំបន់ និងអន្តរជាតិ ព្រមទាំងប្រកាសបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឱ្យកាន់តែខ្លាំងក្លាជាប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងពីរ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងបន្តប្រកាន់នយោបាយចិនតែមួយមិនប្រួលប្រែនោះឡើយ។

គួរបញ្ជាក់ថា​ ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០នេះ កម្ពុជាបានសាងសង់ពន្លាជាតិមួយទំហំសរុប ១៨០ម៉ែត្រការ៉េ នៅក្នុងតំបន់ B សាងសង់ផ្ទះរួមមួយទំហំ ៣៦ម៉ែត្រការ៉េនៅតំបន់ D និងមានស្តង់ពាណិជ្ជកម្មចំនួន ៨៤ស្តង់ មានក្រុមហ៊ុនកម្ពុជាចូលរួមចំនួ ៥៥ក្រុមហ៊ុន ជាប់លំដាប់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសចូលរួមចំនួន ៤០ប្រទេស៕