អភិបាលស្រុកអង្គស្នួលបំភ្លឺជូនឯកឧត្តម ខៀវ កាញ្ញារីទ្ធ ជុំវិញផ្លូវមួយកន្លែងដែលពលរដ្ឋថារអិលខ្លាំង និងស្អិតជាប់កង់ម៉ូតូយ៉ាងខ្លាំង

26

អភិបាលស្រុកអង្គស្នួល លោក ខុន សេរីរដ្ឋា បានបំភ្លឺជូនឯកឧត្តម ខៀវ កាញ្ញារីទ្ធ ជុំវិញផ្លូវនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលថា ផ្លូវនេះ មានប្រវែងសរុប ៤៣៥០ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥១ ឆ្លងកាត់តាមវត្តឱង្កា ឆ្ពោះទៅកាន់ភូមិទួលខ្លុង ដោយឆ្លងកាត់ភូមិទន្លាប់ ភូមិខ្នារ ភូមិចំបក់កោង ជាគម្រោងកំពុងអនុវត្តចាក់កៅស៊ូ DBST របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមឈួសឆាយ និងរៀបបាតចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ២០២៣នេះ។ នេះបើតាមការបំភ្លឺរបស់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

លោក ខុន សេរីរដ្ឋា បានបន្តថា ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តបាននិងកំពុងជម្រុញល្បឿនការងារជួសជុលផ្លូវខាងលើនេះ ឲ្យសម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក។

ជាមួយនោះ លោក ខុន សេរីរដ្ឋា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយោគយល់ និងសូមអធ្យាស្រ័យ។

គួរជម្រាបជូនថា ការបំភ្លឺរបស់លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលខាងលើធ្វើឡើងក្រោយពីឯកឧត្តម ខៀវ កាញ្ញារីទ្ធ បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធផ្លូវមួយកន្លែងស្ថិតនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលដែលកំពុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបផលពិបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃជាខ្លាំង ដោយផ្លូវមានសភាពរអិលខ្លាំង និងស្អិតជាប់កង់ម៉ូតូយ៉ាងខ្លាំង៕