បុរសស្បែកខ្មៅម្នាក់ ជួបគ្រោះ.ថ្នាក់ពីរដងក្នុងពេលមួយយប់ ព្រោះតែរឿងចោលឆក់

15

ភ្នំពេញ ៖ ​ជនសង្ស័យ​មួយ​ក្រុម​ដែល​ជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងមូលដ្ឋានខណ្ឌមានជ័យ​ បានធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទរបស់​បុរសជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ បានសម្រេច​ ហើយ​​បុរស​ស្បែក​ខ្មៅ​រូប​នេះ​ ខំជិះម៉ូតូដេញតាមក្រុមចោរក៏​ជ្រុល​ទៅ​បុក​​បង្គោល​ភ្លើងដួលបោកទៅនិងខឿនចិញ្ចើមផ្លូវរង​របួស​បាក់ជើង​ខាងស្តាំថែមទៀត។

ភ្លាមនោះ​ ក្រុម​ជនសង្ស័យ​ក៏នាំគ្នាឆ្លៀតឱកាស​លួច​យក​កាបូប​លុយ​ រួចនាំគ្នាជិះរត់គេចខ្លួនបានប្រមោលមិនរំខានដល់សមត្ថកិច្ចនោះទេ។

ករណី​ខាងលើ​នេះ​ បាន​កើតឡើង​​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨៥ BT ភូមិ​ចំរើន​ផល ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី​មិត្ត​ភ័ក្តិ​របស់​បុរស​ស្បែក​ខ្មៅ​(ជនរងគ្រោះ​)​បាន​អះអាង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​របស់​គាត់​នៅ​ម្តុំ​ភូមិ​ចំរើន​ផល តាម​ផ្លូវ​បេតុង​មួយ​កន្លែង ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ជា​ប្រភេទអូ​តូ​ មិន​ចាំ​ស្លាកលេខ បាន​មក​ធ្វើ​សកម្មភាពឆក់​យក​ទូរ​សព្ទ័​របស់​​ជនរងគ្រោះ​​បាន​សម្រេច​ហើយ​​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​​គេចខ្លួន​​តាម​ផ្លូវ​៨៥BT ។​

ភ្លាមនោះ​ជន​រង​គ្រោះ​ ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជ្រុល​ទៅ​បុក​​បង្គោល​ភ្លើង​បណ្ដាល​រង​ការ​បាក់ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ​ និងខូចខាត​ម៉ូតូយ៉ាង​ដំណំ​ ហើយ​ក្រុម​ជនសង្ស័យ​ ខណៈឃេីញ​ជន​រង​គ្រោះ​កំពុង​រង​របួស​ដេក​ដួលទៅនិងថ្នល់នោះ ក៏ឆ្លៀតឱកាស​​មកលួច​យក​កាបូប​លុយ​​​ថែម​ទៀត​ ហើយ​ជិះ​រត់​គេច​ខ្លួន​បាត់​។ក្រោយ​កេីត​ហេតុ​ ទើប​គេឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ ​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះឱ្យមក​ដឹក​យក​ជន​រង​គ្រោះ ទៅ​សង្គ្រោះ​នៅគ្លីនិក​ឯកជន​ភ្លាម​ៗ​។

ចំណែក​​ម៉ូតូជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១​ រង់ចាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ ដេីម្បីកំណត់មុខសញ្ញា​ជនសង្ស័យ​ខាងលេីនេះ​ តាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕