បុរសម្នាក់ស្រវឹងស្រា ខឹងនិងនគរបាលចរាចរណ៍ផាកពិន័យផងក៏បង្ហូរសាំងដុតម៉ូតូខ្លួនឯងចោល…

119

ខេត្តរតនគិរី ៖ បុរសម្នាក់ដោយសារតែស្រវឹងស្រាផងនិងខឹងសម្បានគរបាលចរាចរណ៍ខេត្តផាកពិន័យផងក៏បង្ហូរសាំងចាក់ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពី​វេលា​ម៉ោង​៣​និង​៤០នាទី​រសៀលថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ​២០២២នៅតាមផ្លូវ​ទល់មុខ​តារាង​បាល់​ចាស់ ស្ថិតក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

តាមសាក្សីនៅក្បែរ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា បុរស​ម្នាក់នេះ​ជិះ​ម៉ូតូ​១ គ្រឿង​ម៉ាកវ៉េវឆ្លាម ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​។ លុះមកដល់​កន្លែងកើតហេតុត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ខណៈ​ដែលបុរស​រូបនេះ​មិនមាន​ពាក់មួក​សុវត្ថិភាព​ និង​ម៉ូតូ​ក៏​អត់​មាន​ស្លាក​លេខ​ផងដែរ ហើយ​នគរបាល​ចរាចរណ៍​ក៏បាន​ផាកពិន័យ​មិនដឹងថាមានចំនួន​ប៉ុន្មាន​នោះទេ ។

ក្រោយមក​ម្ចាស់​ម៉ូតូ​ក៏បាន​ដើរទៅ​ក្បែរ​ម៉ូតូ​របស់ខ្លួនហើយបាន​បង្ហូរ​សាំង​ដុត​ម៉ូតូ​ចោលតែម្តង​។​​

មន្ត្រីនគរបាល​ចរាចរណ៍​ខេត្តបាន​ឱ្យដឹងថា បន្ទាប់ពី​បុរស​ម្នាក់នេះបាន​ដុត​ម៉ូតូ​របស់ខ្លួន​ហើយ​នោះ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​ជំនាញនៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្ត ដើម្បី​សាកសួរ ធ្វើតេស្ត​រក​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​។​ មន្ត្រីនគរបាលបានបញ្ជាក់ថា បុរសខាងលើមានជាតិស្រវឹងក្នុងខ្លួន។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បានបញ្ជាក់​ថា បុរស​រូបនេះ​មានឈ្មោះ សុខ អាយុ​ជាង​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៧​ មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​កម្មករ​ដើរ​ដក​ដំឡូង​មី​។ រីឯម៉ូតូ​ដែល​ដុត​កម្ទេចចោល​នោះត្រូវនគរ​បាលច​រាច​រណ៍​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​។​

បច្ចុប្បន្ន​ បុរសឈ្មោះសុខនោះត្រូវបាន​នគរបាល​ចរាច​រណ៍​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕