លោក ប្រសើ ប៉ាត់តាវី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ត្រូវបានសមត្ថកិច្ចឃា ត់ខ្លួន

10

ភ្នំពេញ៖លោក ប្រសើ ប៉ាត់តាវី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តាវី អចលនទ្រព្យ រកស៊ីទិញ-លក់ដីនិងសាងសង់លំនៅដ្ឋានមាន ទីលំនៅភូមិ១«ខ» សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត រឿងស៊ីដាច់លុយជាង១២ម៉ឺនដុល្លារអាមេរិក ករណីម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា លោក ប្រសើ ប៉ាត់តាវី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាអោយចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មាន បង្ហើបអោយដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ១ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអតិថិជន ម្នាក់ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ ផ្ទះល្វែង និង ផ្សារ ពី ឈ្មោះ ប្រសើ ប៉ាត់ តាវី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តាវី ដែលមានទីតាំង ស្ថិតនៅផ្សារ បំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជាង១លាន ដុល្លារអាមេរិក ។

ក្រោយពីធ្វើកិច្ចសន្យារួចហើយ អតិថិជនរូបនេះ បានកុម្ម៉ង់ទិញសម្ភារៈសំណង់ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ចំនួន១២ម៉ឺនអាមេរិក និង ប្រាក់ទិញឧបករណ៍ផ្សេងៗចំនួន៧.៥០០ដុល្លារ ទៀត ។

បន្ទាប់មកទៀត អតិថិជណ ចាប់ផ្តើមសាងសង់ផ្ទះល្វែងបានមួយរយៈ ស្រាប់តែ ឈ្មោះ ប្រសើ ប៉ាត់ តាវី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយក៏បានឲ្យអតិថិជន ផ្អាកការសាងសង់ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូទាត់ប្រាក់ ដែល អតិថិជន ចំណាយអស់ប៉ុន្មានឲ្យ គ្រប់ ចំនួន វិញ ។

ប៉ុន្តែ ជាក់ស្តែងរហូតមកដល់ពេលនេះ ឈ្មោះ ប្រសើ ប៉ាត់ តាវី មិនបានទូទាត់ប្រាក់ នោះ ឲ្យ ទៅ ឈ្មោះ អតិថិជន ដែលជាជនរងគ្រោះ ទេ ទើប អតិថិជន ដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ច ចាប់ខ្លួន អគ្គនាយក ក្រុមហ៊ុន ប្រសើ ប៉ាត់ តាវី នាំទៅអនុវត្តតាមផ្លូវច្បាប់ តែម្តង ៕