បុណ្យចូលឆ្នាំថ្មីរយៈពេល០៣ថ្ងៃបូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀតមានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

18

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖

*ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់

*ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ១.៥៧៩.២៥១ នាក់

* ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ២.១៤៨.១៧៨ នាក់

* ថ្ងៃទី១៧ ខែមេសា៖ ភ្ញៀវមានចំនួន ៥៨៥.៤២៨ នាក់

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបង ៦៥៣.៨៩៦ នាក់

* ខេត្តកំពង់ចាម ៥៤១.៩០០ នាក់

* ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់

* ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់

* ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់

* ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់

* ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់

* ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់

* ខេត្តកំពត ២៨៤.៨៩៣ នាក់

* ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់

* រាជធានីភ្នំពេញ ២៤០.៤៦០ នាក់

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវផងដែរ។