កម្លាំងចម្រុះគណៈបញ្ជាការរដ្ឋបាលស្រុកបរិបូណ៌ ចុះបង្ក្រាបបទល្មើសនេសាទច្រើនកន្លែង នៅចំណុច កោះកំពង់អួរ

2

ខេត្ត​កំពង់ឆ្នាំង​ ៖​ ពេញមួយថ្ងៃ​សុក្រ​ ៣​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ម្សិលមិញនេះ កម្លាំង​នគរបាល​ស្រុក​បរិបូណ៌​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​បរិបូណ៌​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ច្រើនកន្លែង នៅ​ចំណុច​ កោះ​កំពង់​អួរ​ ភូមិ​កំពង់​អួរ​ ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​។

ប្រតិបត្តិការចម្រុះនេះ ដឹកនាំ​ដោយ​ លោក​ ផល​ សុភាព​ អភិបាលរង​ ស្រុក​បរិបូណ៌​ និង​ លោក​ អ៊ូ​ សោភ័ណ​ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ ដោយមាន កម្លាំង​សរុប​ ចំនួន​១៤​នាក់​ ប្រើប្រាស់​មធ្យោបាយ​កាណូត​ បា​ឡា​ស្មាច់​ ចំនួន​០២​គ្រឿង​ ។​

មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ​ជា​លទ្ធផល​កម្លាំងចម្រុះ ដកហូត​បាន​  របាំង​សាច់​អួន​ក្រឡា​ញឹក​ ចំនួន​០២​កន្លែង​ ប្រវែង​១៥០​ម៉ែត្រ​,​ លូ​សាច់​អួន​ក្រឡា​ញឹក​ ចំនួន​០៣,​ ដកបំផ្លាញបង្គោល​ចំនួន​២០០​ដើម​ ,​ លែង​ត្រី​ចម្រុះ​ ចំនួន​០៥​គីឡូ​ក្រាម រួម​នឹង​សសម្ភារៈនេសាទខុសច្បាប់មួយចំនួនដកហូត​យកទៅបំផ្លាញ​ចោល​នៅ​នឹង​កន្លែង​។

មន្ត្រីជលផលដដែលបានឲ្យដឹងទៀតថា ដោយទទួលការណែនាំពីថ្នាក់ដឹកនាំឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវហាមឃាត់ជាប្រចាំនោះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌នឹងបន្តបង្ក្រាបបទល្មើសនេសាទនៅទូទាំងស្រុកឲ្យដូចភ្លៀងរលឹមបើទោះបីជនខិលខូចមួយចំនួនលួចធ្វើសកម្មភាពដោយស្ងាត់ៗក៏ដោយគឺកម្លាំងឯកភាពរបស់ស្រុកនឹងបន្តបង្ក្រាបជានិច្ច៕