គ្រឿងញៀន១.៤តោននិងសារធាតុគីមីជាង១១តោន រួមទាំងជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ

5

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប មន្ទីរពិសោធន៍លួចលាក់កែច្នៃ និងផលិត គ្រឿងញៀន៣ទីតាំងផ្សេងគ្នា ដោយបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងរឹបអូសគ្រឿងញៀន១.៤០០គីឡូក្រាម និង  សារធាតុគីមីជាង១១តោន នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ រួចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង០២ខែរួចមក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី សមត្ថកិច្ចយើងបានបើកប្រតិបត្តិការបង្ក្រាបមន្ទីរពិសោធន៍លួចលាក់កែច្នៃផលិតសារធាតុញៀននៅ៣ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ ៖

ចំណុចទី១៖ នៅបន្ទប់លេខ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណុចទី២៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ចំណុចទី៣៖ ស្ថិតនៅក្នុងចម្ការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

១-ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាជនជាតិចិន (តៃវ៉ាន់) រួមមាន ៖ ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (មេការ), ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស), ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស), ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ ៣១ឆ្នាំ (អ្នកបច្ចេកទេស)។

ចំណែកវត្ថុតាងចាប់យកមាន៖ ម៉ាស៊ីន ឧបករណ៍ សម្ភារសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីនទម្ងន់៤១គ.ក្រ.៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីនទម្ងន់ ១៤២៥គ.ក្រ. , ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់០.៩ក្រាម, សារធាតុគីមីផ្សំ១១តោន ៥២៥គ.ក្រ ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕