ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ទោះបីការឆ្លងជំងឺកូវីដ-១៩ មានការធូរស្រាលហើយក្ដី

8

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យមើលដំណើរការ ពិគ្រោះនិងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា បើទោះបីជាស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ មានការធូរស្រាលទៅហើយយ៉ាងណាក្តី តែបងប្អូនមិនត្រូវភ្លេចថែរក្សាអនាម័យ សុខភាព និងបន្តអនុវត្តន៍ ៣ កុំ ៣ ការពារ ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ ដោយគោលដៅក្នុង១ ខែ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយសារពេលនេះ មានភ្លៀងធ្លាក់ ហើយស្របពេលតម្រូវការនៃការបន្តចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ផងដែរនោះ ទើបក្រុមគ្រូពេទ្យ បានសម្រេចប្តូរមកដោយធ្វើក្នុង១សប្តាហ៍ ២ ថ្ងៃ គឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ក្នុង១ថ្ងៃ ធ្វើក្នុង ១ ឃុំ សម្រាប់ការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ រួមទាំងកុមារថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា តាមរយៈការពិនិត្យព្យាបាលជំងឺនៅកន្លែងនេះដែរ គឺសម្រាប់តែអ្នកមានជំងឺស្រាលតែប៉ុណ្ណោះ តែបើមានអាការៈធ្ងន់ធ្ងរគឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមកប្រចាំការនៅទីនេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលបានចំណាយពេលវេលាដោយស្ម័គ្រចិត្ត ក្នុងការចុះមកធ្វើពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ពិសេសអរគុណដល់ក្រុមការងារចុះជួយស្រុកកោះសូទិន ទាំងអស់ដែលបានចូលរួមថវិកា ក្នុងការទិញថ្នាំពេទ្យ សម្រាប់ទុកចែកជូនអ្នកជំងឺ ដោយឥតគិតថ្លៃ។

ជាមួយគ្នានេះ សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែល បានចុះពិនិត្យព្យាបាលជំងឺនាឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូននូវថវិកា សម្រាប់បំពេញការងារ ក្នុង១ ឃុំ ៥ លានរៀល សរុប ៨ ឃុំ ៤០ លានរៀល។

ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាលាភ ដែលជាឃុំទី៦ ក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការ នយោបាយ ។ ឯកឧត្ដមបានបន្ដថា សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខុ មាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្ដមបានលើកឡើងថា ចំពោះសមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលមានវត្តមានជាប្រចាំការ គឺជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ដោយធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ ព្រមទាំងពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ឯកឧត្តម សៅ សំបូរ ក៏បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និងលោកជំទាវ សុខមុំ និមល អគ្គនាយិកា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងជាប្រធានក្រុមការងារចុះជួយឃុំ មហាលាភ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយ ឃុំ ទាំង ៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោបាយ សម្ភារ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ឯកឧត្ដមប្រធានក្រុមគ្រូពេទ្យក៏បានលើកឡើងផងដែរថា ការចូលរួមទាំងនេះ ជាកម្លាំងសក្តានុពលលើកទឹកចិត្ត ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៌ បន្តទៀត តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន។

សូមជម្រាបជូនថា កម្មវិធី នៃការផ្តល់សេវា ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ គឺមាន៣ ទី១ ពិនិត្យ ពិគ្រោះនិងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ទី ២ ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ និងទី៣ ចាក់វ៉ាក់សាំង ជូនបងប្អូន កូនក្មួយ ចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ ដែលពុំទាន់បានចាក់វ៉ាក់សាំងសោះ និងចាក់ដូសមូលដ្ឋាន ពុំទាន់បានដូសជំរុញ ដូសទី ៣ ដូសទី ៤ ៕