កម្លាំងកងរាជអាវុធហត្ថជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

23

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២

បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា ៖ ដោយកំណត់មុខសញ្ញាបាន ទើបនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លាចំនួន២៩កូនថង់កិប ស្មើនឹងទម្ងន់១៧,០៩ក្រាម ម៉ូតូ០១គ្រឿង ម៉ាកហុងដាMSX កែច្នៃ និងសម្ភារ:មួយចំនួនទៀត ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។

ជនសង្ស័យទាំង០២នាក់ ១/-ឈ្មោះ ជិត ជាតិ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ វ៉ាន់ ចន្ធី ហៅវី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកមេបញ្ជាការបានបញ្ជាក់ទៀតថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជិន ជាតិ បានឆ្លើយ​សារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនពីឈ្មោះ វ៉ាន់ ចន្ធី ហៅវី មករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន ចំណែកឈ្មោះ វ៉ាន់ ចន្ធី ហៅវី បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកលក់បន្តពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ៖ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យនិងមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរនោះ ជនសង្ស័យឈ្មោះ ជិន ជាតិ និងឈ្មោះ វ៉ាន់ ចន្ធី ហៅ វី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងចាត់ការតាមនិតិវិធីហើយដែរ ៕