រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន

13

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា នៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្ដាលមកពីអរិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

យើងមានជំនឿចំពោះកិច្ចសន្ទនានិង ការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជាមួយនឹងការយោគយល់ដល់ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាព នយោបាយរបស់រដ្ឋជាសមាជិកផ្សេងទៀត៕