សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស

13

សហរដ្ឋអាម៉េរិក៖ ប្រជាពលរដ្ឋដើមកំណើតខ្មែរសញ្ជាតិអាម៉េរិកសុទ្ធតែបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តវឌ្ឍនភាពក្នុងប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែម បង្រួបបង្រួមសាមគ្គីភាពប្រជាជាតិកម្ពុជាតែមួយ ពិសេសលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

ការបញ្ជាក់របស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិកខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលពួកគាត់ចូលរួមទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូយ៉ក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងចំណោមមនុស្សម្នាដ៏ច្រើនកុះករនោះ លោក យុន តុលា (Tola Yun) ជាពលរដ្ឋខ្មែរសញ្ជាតិអាម៉េរិក បានធ្វើដំណើរស្កាត់ពីរដ្ឋម៉ាសាឈូសេត (Massachusetts State) ដើម្បីមកទទួលស្វាគមន៍វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ជាមួយនឹងទឹកចិត្តនឹករឭកចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ លោក តុលា ក៏បានបង្ហាញការជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពឱ្យកាន់តែរីកចម្រើនជឿនលឿនលើគ្រប់វិស័យបន្ថែមទៀត បន្តស្នាដៃកសាងសមិទ្ធផលពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិសេសគឺការបង្របបង្រួមប្រជាជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេសឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ ក្រោមស្មារតី «ខ្មែរតែមួយ»។
លោកអ៊ំម្នាក់វ័យប្រហែល៥០ឆ្នាំដែលជាប្រជាពលរដ្ឋខ្មែរសញ្ជាតិអាម៉េរិកដែរនោះ ក៏មានក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកអ៊ំបញ្ជាក់ថា ការចូលរួមទទួលស្វាគមន៍នាពេលនេះ គឺជាការបង្ហាញភាពកក់ក្ដៅចំពោះវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូមកពីកម្ពុជា ក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើទឹកដៅសហរដ្ឋអាម៉េរិកនេះ។
ពលរដ្ឋដើមកំណើតខ្មែររូបនេះយល់ឃើញថា ប្រជាពលរដ្ឋគ្រប់គ្នាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្ដេចធិបតី ខណៈដែលប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកក៏មានការសាទរចំពោះការដឹកនាំរបស់សម្ដេចធិបតីផងដែរ ក្រោមក្ដីសង្ឃឹមថា មាតុភូមិកម្ពុជារបស់ខ្លួនទទួលបានមេដឹកនាំដ៏មានសមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកភាពសុខសាន្ត ការបង្រួបប្រួម សាមគ្គីភាព វឌ្ឍនភាព លើកស្ទួយកិត្យានុភាពជាតិ និងកាន់តែមានភាពជោគជ័យបន្តទៅមុខទៀត។
លោកអ៊ំបានថ្លែងយ៉ាងដូច្នេះថា «ផ្ដើមចេញពីសុខសន្តិភាពនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មានឱកាសក្នុងការអភិវឌ្ឍប្រទេស»។ លោកអ៊ំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសសូមរួមគ្នាបន្តការថែរក្សាសុខសន្តិភាព ហើយជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃយើង។
ងាកមកយុវជនខ្មែរវ័យក្មេងម្នាក់ដែលរស់នៅសហរដ្ឋអាម៉េរិកដែរនោះ បានបង្ហាញចំណាប់អារម្មណ៍រីករាយក្នុងពេលត្រៀមចាំទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែ។ លោកបានបញ្ជាក់ថា «ប្រទេសកម្ពុជាថ្វីដ្បិតតូច ប្រជាជានតិច ប៉ុន្តែត្រូវបានបង្ហាញឈ្មោះ ស្មើសិទ្ធិស្មើភាពនឹងប្រទេសដទៃទៀត មានភាពល្បីល្បាញលើឆាកអន្តរជាតិ»។
យុវជនខ្មែររូបនេះមានការពេញចិត្តចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាទីជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស តាមរយៈការមើលឃើញនូវរូបភាពខិតខំបំពេញការងាររបស់សម្ដេចធិបតី ពោរពេញដោយភាពរវល់មមាញឹកចំពោះកិច្ចការប្រទេសជាតិ និងប្រជាជន។
ប្រជាពលរដ្ឋខ្មែរដែលនៅរស់នៅសហអាម៉េរិកដទៃទៀត សុទ្ធតែបានផ្ញើសារជូនពរចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជា ដើម្បីបន្តវឌ្ឍនភាព សក្ដានុពលភាព កិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែលេចធ្លោឡើងលើឆាកអន្តរជាតិ។