ចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិ ក្លាយជាចំណតម៉ូតូរថយន្តក្រុមហ៊ុនធានារ៉ាប់រងឯកជននិងក្លាយជាតូបលក់ដូរអស់ហើយនៅពេលនេះ,,,

18

ភ្នំពេញ៖មន្ទីរពេទ្យកុមារជាតិមិត្តកម្ពុជា-ជប៉ុន ដែលបម្រើវិស័យសុខមាលភាព ព្យាបាលដល់បុត្រាបុត្រីរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សម្រាប់អ្នកមកទទួលសេវាកម្មផ្សេងៗដូចជា ការពិនិត្យពិគ្រោះយល់អំពីជំងឺទូទៅ ផ្តល់សេវាថែទាំសុខភាព ចាក់វ៉ាក់សាំងបង្ការជំងឺ និង សេវាកម្មផ្សេងៗទៀត ដែលមន្ទីរពេទ្យកុមារជាតិ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មកដល់ឆ្នាំ២០២២នេះ ជុំវិញមន្ទីរពេទ្យកុមារជាតិ ចិញ្ចើមផ្លូវទាំង៣ខ្សែ ត្រូវបានក្រុមអាជីវករបង្កើតតូបលក់ដូរ និង ការចតម៉ូតូរថយន្ត ចំណុចជ្រុងខាងកើត គឺចិញ្ចើមផ្លូវលេខ២៥៣ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីមានរថយន្តអតិថិជនក្លឹបហាត់ប្រាណនិងកន្លែងលាងរថយន្តចតបំផ្លាញការ៉ូឡា ។ បន្ទាប់មកដល់ច្រកចូលខាងកើតមានតូបលក់ដូរជាច្រើននៅលើចិញ្ចើមផ្លូវតែម្តង ។

ដោយឡែកចំណុចជ្រុងខាងត្បូងមន្ទីរពេទ្យកុមារជាតិ គឺ ចិញ្ចើមផ្លូវលេខ១១៨ មានតូបនិងចតរថយន្តនិងរោងលក់ដូរ ចំណុចខាងលិចជាកន្លែងចរាចរបត់ចុះឡើងផ្លូវសហ័ពន្ធរុស្ស៊ី ឧស្សាហ៍បង្កការកកស្ទះចរាចរណ៍ដោយខាងក្រុមហ៊ុនធានារ៉ាប់រងឯកជន បានយកចិញ្ចើមផ្លូវរបងមន្ទីរពេទ្យ អស់ពាក់កណ្តាល គឺនៅលើផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ ដោយហេតុផលផ្តល់ថវិកាជូនមន្ទីរពេទ្យថែទាំនិងជួសជុលរបងមន្ទីរពេទ្យ ។

លោក ប៊ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហាដែលក្រុមហ៊ុនធានារ៉ាប់រងយកចិញ្ចើមផ្លូវលេខ២៥៧ ធ្វើជាចំណតម៉ូតូ គឺ ដោយសារបានផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនក្នុង១ឆ្នាំទៅមន្ទីរកុមារជាតិ ថែទាំនិងជួសជុលរបង ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់ជុំវិញមន្ទីរពេទ្យកុមារជាតិ អាជ្ញាធរសង្កាត់ ហាក់ដូចមិនសូវគិតអំពីផលប៉ះពាល់ ការធ្វើដំណើរប្រចាំថ្ងៃ ការកកស្ទះ ចង្អៀត និង អាចបង្កគ្រោះថ្នាក់ជាយថាហេតុ ។

អ្នកធ្វើដំណើរ បានសំណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌទួលគោក មេត្តារៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រពៃផង ជាពិសេសជុំវិញមន្ទីរពេទ្យកុមារជាតិ ដោយមិនសូវឃើញចុះរៀបចំទាល់តែសោះ ៕