សម្ដេច ស ខេង តែងតាំងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង

1

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន VPN TV ONLINE ទើបទទួលបាននៅព្រឹកថ្ងៃនេះ។

គួរជម្រាបជូនថា តាមការគ្រោងទុក ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៕

សូមជម្រាបថា កាលរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរង​នគរបាលជាតិ ១រូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការរងនគរបាលជាតិ ដែលត្រូវបានប្រកាសចូលកាន់តំណែង គឺ​លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលទើបត្រូវបានផ្ទេរចេញពី​តំណែង ជាស្នងការនគរបាលខេត្តព្រៃវែង។ រីឯ​លោកឧត្តមសេយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំង​​ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវបញ្ចប់មុខតំណែង និងទៅកាន់តួនាទីថ្មី ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែង​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង ដោយតែងតាំង​លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង និងតែងតាំង​លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ។

គួររំលឹកទៀតថា លោក ព្រុំ សន្ធរ ត្រូវបានតែងតាំង​ជាស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ មុនកាន់តំណែង​ជាស្នងការនគរបាល ខេត្តព្រៃវែង លោក ព្រុំ សន្ធរ ជាស្នងការរង​នគរបាល រាជធានីភ្នំពេញ៕