ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០

0

APP ហាណូយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២–

ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃកងទ័ពជើងគោកកម្ពុជាចំនួន ៥៥ រូប។

នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស បានអញ្ជើញចូលរួមប្រកួតបាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនាការសម្តែងសិល្បទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និង ស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំអស់រយៈពេល ០២ ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM)៕ ដោយ៖ កន ចំណាន