កុំចេះតែហ៊ាន ឃើញទូរស័ព្ទរបស់គេដាក់សាកថ្មក្នុងបន្ទប់ទំនងពេកក៏ចូលទៅលួច ស្រាប់តែម្ចាស់ទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

19

ភ្នំពេញ ៖​ ស្ត្រីជាជនសង្ស័យម្នាក់​ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃដែលគេដាក់សាកថ្មនៅក្នុងបន្ទប់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចផ្ទះជួលមួយកន្លែង​ ក្នុងភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា​ ស្ត្រីជាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ​ នួន​ អូន​ អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ។​ ចំណែកនារីជាម្ចាស់ទូរស័ព្ទមានឈ្មោះខាន់​ ម៉ាលីន​ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុ​ ។

តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ រូបគាត់បានសាកថ្មទូរស័ព្ទម៉ាកI Phone 11Pro Max នៅក្នុងបន្ទប់ ហើយបានបើកទ្វារចោល​ក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកចេញទៅធ្វើការ ។

ពេលដែលចេញពីបន្ទប់ទឹកវិញស្រាប់តែបាត់ទូរស័ព្ទ​ ពេលនោះរូបគាត់ក៏បានខ្ចីទូរស័ព្ទបងស្រីម្នាក់ទៀតខលទៅក៏ឮសំឡេងនៅក្នុងបន្ទប់ជួលរបស់ស្ត្រីជាជនសង្ស័យ ទេីបប្រាប់បងប្អូនក្បែរបន្ទប់ជួលឱ្យជួយឃាត់ស្ត្រីជាជនសង្ស័យមិនឱ្យចេញពីបន្ទប់​ ហើយក៏មករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ដើម្បីចុះទៅនាំខ្លួនស្ត្រីជាជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

នៅចំពោះមុខសមត្ថកិច្ច​ ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា​ រូបគាត់ពិតជាបានយកទូរស័ព្ទដៃរបស់នារីរងគ្រោះប្រាកដមែន​ ដោយសារតែឃើញនារីរងគ្រោះដាក់សាកថ្មចោលហើយមិនមានមនុស្សនៅ​ ទេីបខ្លួនបានចូលទៅយកទូរស័ព្ទទុកនៅក្នុងបន្ទប់របស់ខ្លួនតែម្ដង​ ។

​បច្ចុប្បន្ននេះ​ ស្ត្រីជាជនសង្ស័យ​ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕