ជនសង្ស័យមួយក្រុមវា..យប្ល.ន់យកម៉ូតូពីបុរសម្នាក់បានសម្រេចនៅក្បែរវត្តពោធិ៍ចិនតុង…

23

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការត្រូវបានជនសង្ស័យមួយក្រុមធ្វេីសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២២ នៅផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងប៉ែកខាងកើត ស្ថិតក្នុងសង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះសម្បត្តិ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងដេគ័រតុទូ ស្នាក់នៅបន្ទប់ជួលនាម្ដុំផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិប្រសូតទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ក្រហម មិនចាំស្លាកលេខ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគេបានខ្ចីម៉ូតូមិត្តភក្តិដែលស្នាក់នៅបន្ទប់ក្បែរគ្នាយកជិះទៅធ្វើការនៅកន្លែងដេប៉ូឈើមួយកន្លែងជាប់ផ្លូវរថភ្លើងដែលជាកន្លែងធ្វើការរបស់គេ។

លុះចប់ម៉ោងការងារ រូបគេក៏បានជិះម៉ូតូទៅបន្ទប់ស្នាក់នៅវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជាប់នឹងរបងវត្តពោធិ៍ចិនតុង ក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ឈរក្បែររបងផ្ទះប្រជាពលរដ្ឋ ហើយខណៈនោះជនសង្ស័យម្នាក់បានដើរមកស្ទាក់ពីមុខម៉ូតូដោយប្រាប់រូបគេថាសុំដោយសារផង ទៅឈប់នៅម្ដុំមុខមន្ទីរពេទ្យលោកសង្ឃ។

ចំណែកជនសង្ស័យម្នាក់ទៀតនៅពួនជាប់របងផ្ទះប្រជាពលរដ្ឋ រួចបានធ្វើសកម្មភាព លោតធាក់មកលើរូបគេបណ្ដាលឱ្យដួលម៉ូតូ រំពេចនោះស្រាប់ជនសង្ស័យម្នាក់ទៀតដែលស្ទាក់នៅពីមុខម៉ូតូបានទាញខ្សែក្រវាត់វាយមកលើរូបគេ តែសំណាងល្អរូបគេគេចទាន់ រួចរត់យករួចខ្លួនសិន ធ្វើឱ្យជនសង្ស័យមានឱកាសល្អនាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕