ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព

11

ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ជាតួអង្គដ៏សំខាន់និងមានប្រសិទ្ធភាព ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានភាពរឹងមាំ និងមានស្វ័យភាព។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា ក្នុងទិសដៅខាងមុខក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀតជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនត្រូវទោរទន់ទៅរកភាពឯកតោភាគីនិយមនោះទេ ឬនិយាយមួយបែប “ធ្វើការតែម្នាក់ឯង”។ ត្រូវបើកចំហបណ្តាញទំនាក់ទំនង ពង្រឹងភាពធន់ នៃខ្សែច្រវាក់ការងារ សមត្ថភាពការងារ និងរួមសហការគ្នាទៅវិញទៅមក ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការគាំទ្រ ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងាររបស់ខ្លួន ឱ្យបានទូលំទូលាយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានបែងចែកតួនាទីភារកិច្ចរួចហើយនោះ ត្រូវខិតខំយកចិត្តទុកដាក់ចុះជួយដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង កាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តទៀតថា រដ្ឋបាលខេត្ត និងក្រុង ស្រុក បន្តចុះធ្វើវេទិកាសាធារណៈ និងចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីក្តាប់ឱ្យបានពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានាសម្របសម្រួល កៀរគរគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធពីដៃគូនានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែមទៀត៕