រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ

14

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូនៃការផ្តល់សេវាសាធារណៈ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល។ ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្ត និងថ្នាក់ជាតិ»

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ឆ្លងកាត់ដំណាក់ការជ្រើសរើសបឋម និងដំណាក់កាលជ្រើសសម្រាំងកន្លងមក ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បានឈានមកដល់ដំណាក់កាលវាយតម្លៃថ្នាក់ជាតិចុងក្រោយ ដើម្បីស្វែងរកជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយមានបេក្ខភាពជ័យលាភីចំនួន១៥អង្គភាព ចុងក្រោយចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ នៅសាលាភូមិន្ទរដ្ឋបាលរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមនាព្រឹកនេះ។ បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យ យ៉ាងល្អិតល្អន់ចំនួន៨ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដាសេវាសាធារណៈ, និយាមនៃការផ្តល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។

ឯកឧត្ដមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ទន្ទឹមនឹងការឈានដល់ដំណាក់កាលវាយតម្លៃចុងក្រោយនេះ ឯកឧត្ដមសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរ ក៏ដូចជាសូមអរគុណដល់អង្គភាពបេក្ខភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ដែលបានចូលរួមកន្លងមក។ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ អង្គភាពទាំងអស់សុទ្ធតែបានផ្តល់ភាពជាគំរូរួចជាស្រេចទៅហើយ តាមរយៈការចូលរួមប្រកួតប្រជែងនេះ។ ក្នុងន័យនេះ ឯកឧត្ដមជឿជាក់ថា អង្គភាពនីមួយៗពិតជាអាចមើលឃើញនូវវឌ្ឍនភាព និងការរីកចម្រើន ជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនដោយផ្ទាល់ ក្នុងគោលដៅផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ៕