តារាកំប្លែងជើងចាស់. នាយ ក្រឹម បង្ហាញមុខនៅគណៈកម្មការសិទ្ធមនុស្ស ដើម្បីបញ្ជាក់ការពិត នឹង សុំការយោគយល់អធ្យាស្រ័យពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា

58

ក្រោយតារាកំប្លែងរូបនេះបានប្រើប្រាស់ពាក្យសម្ដីមួយចំនួនទៅកាន់បេក្ខភាព Cambodian Got telent ណុប ដាណេ ហើយត្រូវបានមហាជនយល់ថា ជាការរើសអើងភេទទី៣ ដោយមហាជនផ្ទុះប្រតិកម្ម និងបានធ្វើការឆ្លើយតយ៉ាងខ្លាំងៗផងដែរ។គណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានកោះអញ្ជើញតារាកំប្លែងល្បីឈ្មោះលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ចូលជួបពិភាក្សាពាក់ព័ន្ធបញ្ហាដែលមហាជនកំពុងមានការចាប់អារម្មយ៉ាងខ្លាំង ។

កិច្ចពិភាក្សារយះ. ពេល ជាង១ម៉ោងនៅស្នាក់ការគណៈកម្មការសិទ្ធិមនុស្ស ផ្តោតលើ គោលជំហរ និងដំណោះស្រាយ ដើម្បីបង្កើតឱ្យមានការយោគយល់គ្នាឡើងវិញ។ តារាកំប្លែងនាយ ក្រឹម ក៏បានបញ្ជាក់គោលជំហររបស់ខ្លួនថា លោកពុំដែលមានបំណងរើសអើង ឬបំផុសឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះឡើយ ហើយរូបលោកផ្ទាល់បានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិទ្ធអ្នកស្រឡាញ់ភេទដូចគ្នា តាំងពីឆ្នាំ១៩៨៥មកម៉្លេះ។ ទោះយ៉ាងណា លោកសុំការយោគយល់អធ្យាស្រ័យពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាចំពោះពាក្យសម្ដីឆ្គាំឆ្គងកន្លងមក។ ដោយឡែកសមាគមសិទ្ធិមនុស្សកម្ពុជាដែលមានឯកឧត្ដមទេសរដ្ឋមន្ត្រី កែវ រ៉ែមី ជាប្រធានបានគួសបញ្ជាក់ថា ពេលនេះភាគីដែលពាក់ព័ន្ធបានរកឃើញដំណោះស្រាយឈ្នះៗហើយ និងបានយល់ច្បាស់ពីចេតនាពិតប្រាកដរបស់នាយ ក្រឹម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែតុលាម្សិលមិញនេះ គណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏បានកោះហៅភាគីអ្នកច្នៃម៉ូដ ណុប ដាណេ ដើម្បីជូបពិភាក្សា និងស្វែងរកការយោគយល់គ្នាឈានទៅដល់ដំណោះស្រាយជាក់លាក់មួយ។ ទោះបីជាយ៉ាងណា គណៈកម្មការសិទ្ធិមនុស្សសង្ឃឹមថា មហាជនខ្មែរព្រមបញ្ចប់រឿងរ៉ាវនេះបន្ទាប់ពីបានយល់ពីគោលជំហររបស់តារាកំប្លែងនាយ ក្រឹម និងចូលរួមបង្កើតនូវសុខដុមនីយកម្មសង្គមឡើងវិញ។