ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១, ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេងចំនួន១។
កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនាពេលនេះ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ បន្ថែមពីនោះទៀតគឺ ចង់បង្កើតឱ្យ មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើកឡើងបន្តថា មានក្រុមអ្នកអុចអាលពីខាងក្រៅ ដើម្បីឲ្យឯកឧត្តមឆ្លើយតប តែទោះជា យ៉ាងណាឯកឧត្តមមិនខ្វល់ខ្វាយនោះទេ ភារៈកិច្ចសំខាន់បំផុតរបស់នាយករដ្ឋមន្រ្តី គឺធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយទៅជាប្រទេសអ្នកមាន ដើម្បីបងប្អូនប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា មានជីវភាពស្រណុកសុខស្រួលតែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងបែបចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូចកំពុងនិរទេសខ្លួននៅខាងក្រៅនោះផងដែរថា ដោយឯកឧត្តមមិនសូវបានរៀនខ្ពស់ដូចក្រុមអ្នកវិភាគមួយចំនួននោះទេ តែឯកឧត្តម នាយករដ្ឋមន្រ្តីអាចដឹងខ្លះៗដែរទាក់ទង និងបញ្ហាសេដ្ឋកិច្ច ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ទៅកន្លងទៅថ្មីៗនេះពោលគឺអាណត្តិទី៧នេះតែម្តង គឺស្របទៅតាមដំណើរការសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ៕