ពលរដ្ឋបានអោយដឹងថា ដីចំណីអូរខាងលិចផ្សារទូកមាសត្រូវបានគេចាក់ដីរំលោភយក

11

ខេត្តកំពត ៖ ប្រជាពលរដ្ឋបានឱ្យដឹងថា ដីដែលជាចំណីអូរសាធរណៈរបស់រដ្ឋ ប៉ែកខាងលិច ស្ថិតនៅខាងលិចផ្សារទូកមាស ក្នុងភូមិក្រាំដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានគេចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបណ្តើៗហើយ នេះបើតាមសកម្មភាពជាក់ស្តែង ដែលបណ្ដាញសារព័ត៌មានយើងទទួលបាន ទទួលបានមកត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

ក្រោយមានការចាក់ដីទន្ទ្រានយកចំណីអូរ ប៉ែកខាងលិច ពលរដ្ឋនៅក្បែរទីតាំងខាងលើ បានប្រតិកម្មមិនពេញចិត្តនិងសកម្មភាពនេះទេ ហើយពួកគាត់លើកជាសំនួរថា តើលោកចៅហ្វាយស្រុកបន្ទាយមាស ដែលទើបមកកាន់ដំណែងបានជាង៣ខែនេះ ជាអ្នកអនុញ្ញាតច្បាប់ឬយ៉ាងណា? បានជាមានករណីនេះ ព្រោះចៅហ្វាយស្រុកមុនៗ គ្មានការចាក់ដីនៅទីតាំងអូរនេះទេ ម្យ៉ាងទីតាំងនេះនៅមិនឆ្ងាយពីសាលាស្រុកទេ បើលោកថាមិនដឹង ក៏ដូចជាមិនទំនង។

ប្រជាពលរដ្ឋជាច្រើន សុំធ្វើការសំណូមពរទៅលោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពត សូមមេត្តាពិនិត្យ ស្រាវជ្រាវករណីនេះផង ជៀសវាងអ្នកមានលុយ ឃុបឃឹតជាមួយមន្ត្រីមូលដ្ឋានលាក់បាំងថ្នាក់លើ ទន្ទ្រានកាន់កាប់សម្បត្តិរដ្ឋជាកម្មសិទ្ធផ្តាច់មុខ ។

ជុំវិញករណីខាងលើលោក នូ ចិន្តា អភិបាលស្រុកបន្ទាយមាសបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ម្ចាស់ដីគេមានប័ណ្ណកម្មសិទ្ធទើបគេចាក់ដីបំពេញដីគេ ដើម្បីអភិវឌ្ឍន៍ ហើយលោកក៏ទទួលស្គាល់ថា ពិតជាចាក់ចូលដីចំណីអូរ ប៉ែកខាងលិចតិចតួចមែន តែបើធៀបនិងពលរដ្ឋ ដែលកំពុងរស់នៅ រំលោភចំណីអូរ ម្ខាងទៀតនោះ ក៏មានមិនតិចដែរ។ លោកអភិបាលស្រុកបន្ថែមថា ទាំងនេះជាបញ្ហាដែលលោកត្រូវតែដោះស្រាយ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយជាគោលការណ៍លោក និងស្នើសុំស្ថារអូរនេះ និងរៀបចំរចនាសម្ព័ន្ធឲ្យបានស្អាត ដើម្បីកុំឲ្យមានការទន្ទ្រាន កាន់កាប់រំលោភដីចំណីអូរបន្តទៀត ចំពោះការចាក់ដីចូលចំណីអូរ លោកនិងឲ្យកាយឡើងវិញធ្វើជាខ្នងអូរតែម្តង៕