សំរាម និងកាកសំណល់ប្លាស្ទិចនៅតាមសាលារៀន ទីសាធារណៈ និងតាមបណ្តាព្រែកមួយចំនួន ត្រូវបានអាជ្ញាធរស្រុកស្អាងប្រើគ្រឿងចក្របោសសម្អាត

25

ខេត្តកណ្តាល៖ សំរាមនៅតែជាបញ្ហាប្រឈម ខណៈអាជ្ញាធរស្រុកស្អាងបន្តបោសសម្អាតមិនចេះអស់ ដោយសារប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់យល់ដឹងពីផលប៉ះពាល់បរិស្ថាន ចេះតែបន្តនាំគ្នាវេចខ្ចប់យកទៅចាក់ចោលតាមបណ្តាព្រែក និងទីសាធារណៈយ៉ាងអនាធិបតេយ្យ ។ នេះបើយោងតាមការលើកឡើងរបស់លោក ជឺ គឹមហៃ អភិបាល នៃគណៈអភិបាលស្រុកស្អាងនៅរសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ នេះ ។

លោក ជឺ គឹមហៃ បានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរស្រុកស្អាងបានដាក់គ្រឿងចក្របោសសំអាតសំរាមដូចជានៅក្នុងឃុំត្រើយស្លា ក្រោមស្ពានព្រែកតាឃ្លោក និងព្រែកកុងជឺដែលមានផ្ទុកសំរាមរហូតទៅដល់ ៥០ ឡានឯណោះ ។ លោកថា បញ្ហាសំរាមលោកមិនដែលប្រងើយកន្តើយទេ គឺរាល់ពេលប្រជុំគណៈអភិបាល តែងរៀបចំរបៀបវារៈផ្តោតទៅលើបញ្ហាសំរាម និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខភាពអនាម័យដោយបានចាត់ឲ្យអភិបាលរងស្រុកម្នាក់ៗទទួល ២ ឃុំ ដើម្បីធ្វើការងារនេះ ។ បញ្ហាសំរាមមិនមែនមានតែនៅក្នុងព្រែកខាងលើនេះទេ នៅតាមសាលារៀន តាមចិញ្ចើមផ្លូវ ទីសាធារណៈក៏មានដែរ ក្នុងនាមអាជ្ញាធរស្រុក លោក ជឺ គឹមហៃ តែងតែចាត់ឲ្យអាជ្ញាធរឃុំយកចិត្តទុកដាក់បន្តលុបបំបាត់បញ្ហាសំរាមនេះ ។

លោក ជឺ គឹមហៃ ថា លោកនឹងបន្តអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីបញ្ហាបរិស្ថាន និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់យកសំរាម និងកាកសំណល់ប្លាស្ទិចផ្សេងទៅបោះ គប់ គ្រវែងចោល ដោយគ្មានការគិតគូរពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ។

គួររំលឹកថា លោក ជឺ គីមហៃ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចេញអនុក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកស្អាងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលស្រុកស្អាងក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ៕