ឆេះឃ្លាំង លក់រថយន្ត នៅផ្លូវ៧០ បណ្តាលឲ្យ រថយន្តចំនួន១០គ្រឿង

4

ភ្នំពេញ ៖កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអគ្គីភ័យ មួយបានកើតឡើង  នៅឃ្លាំងលក់រថយន្ត បណ្តាលឲ្យ រថយន្តចំនួន១០គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនិងខូចខាតអស់ទាំងស្រុង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់សោរបងត្រឹមត្រូវដូចរាល់ថ្ងៃ ។ បន្ទាប់មកក៏មានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលពីរថយន្តមួយទៅរថយន្តមួយ ព្រមទាំងឆ្លងទៅឆេះឃ្លាំងមួយទៀតដែលនៅជាប់គ្នាបណ្ដាលឱ្យខូចខាតរថយន្តអស់ទាំងស្រុងចំនួន១០គ្រឿង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងគឺបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងពីអាគុយក្នុងរថយន្ត ទើបមានការឆាបឆេះបែបនេះ។ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង១ម៉ោងទើបពន្លត់ភ្លើងឱ្យរលត់ទៅវិញជាស្ថាពរ ៕