ឯកឧត្តម សាយ សំអាល់៖ កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ

1

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាអាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នារសៀលថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះការលក់កាបូន ដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការកៀរគរធនធាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ តាមរយៈការអនុវត្តគម្រោង រេដបូក REDD+  ដោយធានាដើមឈើឈរ ក៏អាចរកចំណូលសម្រាប់ការងារអភិរក្ស និងអភិវឌ្ឍន៍។

សិក្ខាសាលាស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ នាពេលនេះនឹងបានផ្សព្វផ្សាយបន្ថែម ទៀតដល់មហាជនឲ្យបានយល់ដឹងថាពីភាពប្រសើរឡើង នៃការការពារអភិរក្សដែលអាចរកឃើញរបត់ថ្មីមួយយ៉ាងសំខាន់នៃការលក់កាបូនរបស់កម្ពុជា។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថាក្រុមហ៊ុនបរទេសធំៗផ្សេងទៀត អាចទិញកាបូនថែមទៀតរបស់កម្ពុជា។

សូមបញ្ជាក់ថា ថវិកាដែលបានមកពីការលក់កាបូននេះ គឺបានយក ទៅការពារ និងអភិរក្សធនធានធម្មជាតិ ពង្រឹងជីវភាពសហគមន៍ ដូចជាការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ការកសាងហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់ ទឹកស្អាត ជួយដល់សាលារៀន មធ្យោបាយរបស់មន្រ្តីឧទ្យានុរក្ស បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកសាងសមត្ថភាពមន្រ្តីរាជការថ្នាក់ក្រោមជាតិ លើវិស័យបរិស្ថានថែមទៀត៕

ប្រភព​៖ក្រសួង​បរិស្ថាន​