«បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ»

3

បន្ទាប់ពីជំនួបជាមួយគណៈដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញឯកឧត្តម ហ៊ុន ម៉ានី បានបន្តជួបជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសិស្សានុសិស្ស និងសមាជិក សមាជិកា ស.ស.យ.ក.ប្រមាណជាង៤០០ នាក់។ ថ្លែងក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា « បុគ្គលម្នាក់ៗត្រូវមានក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ប៉ុន្តែបើបុគ្គលនោះមិនមានការតស៊ូ លះបង់ និងការខិតខំប្រឹងប្រែង នោះមិនអាចដើរដល់គោលដៅដែលប្រាថ្នាបានឡើយ” ក្នុងន័យនេះ ឯកឧត្តមចង់បង្ហាញឱ្យប្អូនៗនិស្សិត សមាជិក សមាជិកា សសយក ទាំងអស់អោយបន្តស្វែងយល់ រៀនសូត្រ ក្រេបជញ្ជក់ចំណេះ ជំនាញ រៀនសង្កេត និងត្រងត្រាប់បទពិសាធន៍ជាក់ស្ដែងរបស់ថ្នាក់ដឹកនាំដែលទទួលបានជោគជ័យ ដើម្បីសម្រេចនូវក្ដីស្រមៃទៅថ្ងៃអនាគត។ ឯកឧត្តមក៏បានបន្ថែមទៀតថា អនាគតនោះ គឺជាក្តីស្រមៃ ឬក្តីសង្ឃឹមរបស់បុគ្គលម្នាក់ៗនោះឯង ប៉ុន្តែ ប្រសិនយើងបើមិនមានការតាំងចិត្ត មិនមានការខិតខំប្រឹងប្រែង ការលះបង់ និងការពុះពារ នាពេលបច្ចុប្បន្នទេ បុគ្គលម្នាក់ៗក៏មិនអាច សម្រេចដល់គោលដៅ ឬក្តីស្រមៃដែលខ្លួនប៉ងប្រាថ្នានោះបានដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាសិស្សានុសិស្ស សមាជិក សមាជិកា ស.ស.យ.ក.ទាំងអស់ដែលមានវត្តមានក្នុងជំនួបនាថ្ងៃនេះ។ ក្រៅពីការថ្លែងអំណរគុណ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះការរៀបចំពិធីសំណេះសំណាលក្នុងថ្ងៃនេះ ដែលស្ដែងអោយឃើញពីសកម្មភាពគំរូរបស់ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យភ្នំពេញ ដែលតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មក្នុងការរៀបចំវេទិការនានា ហើយឯកឧត្តមនឹងបន្តលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ឱ្យបន្តអនុវត្តទង្វើល្អៗទាំងអស់នេះដើម្បីធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ។

សូមជម្រាបជូនផងដែរ ជំនួបនេះស្ថិតក្នុងក្របខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សារបស់ ស.ស.យ.ក. ( ក.យ.គ) ដែលកន្លងមកយើងបានជួបជាមួយបណ្តាសាកលវិទ្យាល័យផ្សេងៗដើម្បីចូលរួមចំណែកដល់យុវជន ក្នុងការចូលរួមគ្រប់ទិដ្ឋភាព សកម្មភាពស័្មគ្រចិត្ត និងមនុស្សធម៌។