សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការ សុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម

2

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃ អង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។

លោកបណ្ឌិត Takeshi kasai បានគោរពជម្រាបជូនសម្ដេចតេជោថាលោកសូមសម្ដែងនូវការគោរពនិងទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេចតេជោក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ និងការប្រឹងប្រែងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកបានធ្វើការកត់សម្គាល់នៅចំណុចចំនួន ៣ រួមមាន៖ ទី១) កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។

ទី២) កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣) លោកមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។

ទន្ទឹមនឹងនោះផងដែរ នៅពេលដែលកម្ពុជាអនុញ្ញាតឱ្យកប៉ាល់ចូលចត ប្រទេសដទៃទៀត ក៏បានអនុញ្ញាតឱ្យកប៉ាល់ផ្សេងទៀតចូលចតផងដែរ។ ពេលនោះមានកប៉ាល់ចំនួន ២៧ នៅលើសមុទ្រដែលមានកន្លែងចូលចត។ លោកបណ្ឌិត បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់នាពេលនោះ។

លោកបានបន្ថែមទៀតថា លោកប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់  ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោបានបន្តថា ចំពោះការចុះចតកប៉ាល់ westerdam ប្រសិនបើកម្ពុជា មិនឱ្យចូលចតទេ នោះប្រជាជននៅលើនោះ និងអាចស្លាប់ដោយសារអស់ទឹក អស់ស្បៀង នៅពេលដែលអ្នកនៅលើកប៉ាល់នោះ មិនមានជំងឺកូវីដ-១៩។ ការអនុញ្ញាតឲ្យកប៉ាល់ westerdam ចូលចត គឺជាទឹកចិត្តមនុស្សធម៌របស់កម្ពុជា ដែលមិនរារែក ទោះបីមានហានិភ័យក៏ដោយ៕