នាយករដ្ឋមន្ត្រីកម្ពុជា រម្លឹកពីរឿងមន្ត្រីគ្រាប់ល្ពៅដល់ មន្ត្រីថ្មីពិចារណា

2

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  បានរម្លឹកជាថ្មីនូវរឿង «មន្ត្រីគ្រាប់ល្ពៅ» ដល់មន្ត្រីបណ្ដុះបណ្ដាលថ្មីដែលបានបិទវគ្គ និងបើកវគ្គសិក្សាថ្មីឱ្យមន្ត្រីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងហ៊ាននិយាយការពិត។

សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិទានរឿងនេះជាថ្មីដើម្បីរម្លឹកកុំឱ្យមន្ត្រីលុះដល់ល្បិច បម្រើជាតិប្រជាជនដោយស្មោះត្រង់។

សម្ដេចតេជោ ហ៊ុនសែន បានបន្ថែមថា៖ «គេស្នេហាជាតិពិតប្រកដគេមិនដែលថាខ្លួនគេជាអ្នកស្នេហាជាតិទេ គេប្រើនូវទង្វើរជាក់ស្ដែង។ គេស្រលាញ់ ការពារព្រះមហាក្សត្រ រាជានិយមពិតប្រាកដ គឺមិនដែលថាខ្លួនជាស្នេហាព្រះមហាក្សត្រទេ គឺធ្វើនូវទង្វើជាក់ស្ដែង»។

សម្ដេចតេជោ ថ្លែងបែបនេះនៅចំពោះមុខសិស្សសាលាភូមិន្ទរដ្ឋបាលដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ទៅអ្នកដែលរិះគន់រឿងប្រេងឥន្ធនៈឡើងថ្លៃនៅកម្ពុជា ថា វា​គឺ​ជា​វិបត្តិ​កើត​ឡើង​នៅ​ទូទាំង​ពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេចបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈ​នៅ​បារាំង​មាន​តម្លៃប្រមាណជា ១ម៉ឺនរៀលក្នុងមួយលីត្រ ហើយ​នៅ​អាមេរិកក៏មានតម្លៃកើនខ្ពស់​ជាង​នៅប្រទេសកម្ពុជាផងដែរ និយាយជា​រួម​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ បានកើតឡើងទូទាំងពិភពលោក មិនមែនតែកម្ពុជាទេ។

សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ជាង ២​ពាន់​នាក់​ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិស្បៀង និងថាមពល ដោយសារជម្លោះប្រដាប់ អាវុធ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាវិបត្តិដ៏ធំ មានវិសាលភាពទូទាំងពិភពលោក ហើយកម្ពុជា ក៏បានត្រៀមទប់ទល់នឹងវិបត្តិនេះផងដែរ។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ត្រៀម​កញ្ចប់​ថវិកា​មួយចំ​​នួនធំបន្ថែមទៀត ដើម្បីគាំពារសង្គមពីវិបត្តិសកលលោកនានា រួម​ទាំង​វិបត្តិ​ចាស់​ដោយ​សារ​កូវីដ-១៩ និងវិបត្តិសកលថ្មី ដែល​បណ្តាលមកពីសង្គ្រាមអូសបន្ទាយរវាងរុស្ស៊ី និងអ៊ុយក្រែន៕