ករណីមនុស្ស លង់ ទឹក ស្លា ប់ ០២នាក់នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងស្រុកក្រគរ

2

ខេត្តពោធិ៍សាត់ ៖ ករណីមនុស្សលង់ទឹកស្លាប់០២នាក់នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកបាកាននិងស្រ្តីម្នាក់ស្លាប់នៅស្រុកក្រគរកាលពីថ្ងៃពុធ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព. ស២៥៦៦ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

តាមរបាយការណ៍បានឲ្យដឹងថាសពជនរងគ្រោះទី១ឈ្មោះ យឹម សេង ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរ មានកំពស់១,៦៧ម៉ែត្រសម្បុរខ្មៅស្រអែម មុខរបរគ្មាន មានទីលំនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកានកើតឡើងនៅវេលាម៉ោង១៤និង៥០នាទី នៅកន្លុកប្រឡាយមុខលូទឹកខាងជើងវត្តចំបក់មាស ស្ថិតនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ពេជ្រ គក់ (ហៅសុខ) ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធ របស់សពបានអោយដឹងថាប្ដីរបស់គាត់មានជំងឺសរសៃប្រសាទនិងជាមនុស្សញៀនស្រាពេលដែលប្ដីគាត់ផឹកស្រាតែងតែវង្វេងរង្វាន់ដើរចេញពីផ្ទះមិនដឹងដើរទៅណាទៅណីទេជាច្រើនលើកច្រើនសារមកហើយលុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោងប្រហែល៥ភ្លឺប្ដីគាត់ងើបពីដេកដើរទៅត្បូងបាត់ទៅរហូតដល់ម៉ោងប្រហែល០៥ល្ងាចថ្ងៃដដែលមិនឃើញប្ដីមកផ្ទះគាត់ក៏តេទូរស័ព្ទទៅកូនគាត់ថាបាត់ឪពុកកូនឯងមិនដឹងដើរទៅណាទេកូនគាត់ក៏និយាយថាប៉ាគាត់ដើរតែចឹងឯងយប់តិចគាត់មកវិញហើយតែរហូតដល់ថ្ងៃទី៨ខែឆ្នាំដដែលនៅតែមិនឃើញប្ដីមកផ្ទះគាត់ក៏ជិះម៉ូតូទៅយកកូនគាត់នៅភូមិខ្មារមកជួយដើររកប្ដីគាត់តែរកមិនឃើញលុះម៉ោងប្រហែល០២ជាងថ្ងៃរសៀលលោកមេភូមិជិះម៉ូតូមកប្រាប់គាត់ថាប្ដីគាត់លង់ទឹកស្លាប់នៅខាងជើងវត្តចំបក់មាស។

មូលហេតុផឹកស្រាស្រវឹងនិងមានជម្ងឺសសៃប្រសាទ ។ ក្រោយការពិនិត្យសាកសពនិងតាមការបំភ្លឺរបស់ប្រពន្ធសពសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសពឈ្មោះ យឹម សេង ស្លាប់ដោយសារថប់ដង្ហើមលង់ទឹកស្លាប់។

បច្ចុប្បន្នសមត្ថកិច្ចធ្វើកំណត់ហេតុរៀបចំនីតិវិធីប្រគល់សពទៅអោយឈ្មោះ ពេជ្រ គក់ (ហៅសុខ)ត្រូវជាប្រពន្ធរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី។

ទី២សពជនរងគ្រោះឈ្មោះ ហ៊ុំ ណាយ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅ ភូមិអារ៉ងព្រួច  ឃុំអន្សាចំបក់ស្រុកក្រគរ កើតឡើងនៅវេលាម៉ោង១៣និង៤៥នាទី នៅចំណុចកំពង់ស្ទឹង ស្ថិតនៅភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។

យោងតាមកំណត់ហេតុបំភ្លឺរបស់ឈ្មោះ លន ស៊ីណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រូវជាកូនបង្កើតសព)។

កាលពីថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២២ មីងរបស់ខ្លួនឈ្មោះសម្បត្តិ បានតេទូរស័ព្ទមកប្រាប់ខ្លួនថាបាត់ម្ដាយរបស់ខ្លួនពីរបីថ្ងៃហើយ នៅពេលនោះខ្លួនបានឆ្លើយប្រាប់ទៅមីងវិញថាគាត់មិនទៅណាទេប្រហែលជាទៅផ្ទះកូនគាត់នៅឃុំកំពង់លួងទេដឹង។

លុះដល់ថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២២មីងរបស់ខ្លួនបានតេមកខ្លួនម្ដងទៀតប្រាប់ថាម្ដាយរបស់ខ្ញុំស្លាប់បាត់ហើយ។

ក្រោយពីគ្រូពេទ្យនិងសមត្ថកិច្ចជំនាញខេត្ត ស្រុកពិនិត្យកន្លែងកើតហេតុហើយ សន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារស្រវឹងស្រាដាច់ចំណីទៅជាខ្យល់គរ ធ្លាក់ចូលក្នុងទឹកទើបបណ្តាលឲ្យស្លាប់ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុរៀបចំនីតិវិធីប្រគល់សពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕