លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ពន្យល់ពីស្ថានភាពជំងឺអុតស្វា (Monkeypox) នៅលើសកលលោក

12

ភ្នំពេញ ៖​ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ ពន្យល់ពីស្ថានភាពជំងឺអុតស្វា​ (Monkeypox) នៅលេីសកលលោក​ ដែលមានរៀបរាប់ក្នុងអត្ថបទភ្ជាប់ជូនខាងក្រោមនេះ​។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តប្រុងប្រយ័ត្ន​ការពារខ្លួន​ និងរក្សាអនាម័យ​ បរិភោគអាហារឆ្អិនល្អ​ ព្រមទាំងចៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា​  ឫ សត្វ​ (រស់​ ឫស្លាប់)។ សូមអានអត្ថបទខាងក្រោម​ ដេីម្បីបង្កេីនការយល់ដឹង​ និងចូលរួមអនុវត្តវិធានការការពារទាំងអស់គ្នា​ ៖

លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ បានរៀបចំជាអត្ថបទថា,

១. ស្ថានភាពទូទៅនជំងឺអុតស្វា (Mokeypox) ៖

. ការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា ត្រូវបានបញ្ជាក់កាលពីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស (ដោយចាប់ផ្ដើមនៅលើអ្នកដំណើរអង់គ្លេសម្នាក់ ដែលបានធ្វើដំណើរទៅប្រទេសនីហ្សេរី យ៉ា ដែលមានកន្លែងជំងឺនេះបានកើតមានបែបអង់ដេមី (Endemic area) ហើយរោគសញ្ញាជំងឺអុតស្វ បានកើតឡើងលើបុគ្គលនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

បុគ្គលនោះ បានវិលត្រឡប់មកចក្រភពអង់គ្លេសវិញនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ (បានធ្វើតេស្ត វិជ្ជមានវីរុសអុតស្វានេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២)។

នៅពាក់កណ្តាលខែឧសភា អ្នកជំនាញតាមដាន បានសង្កេតឃើញថា មានការឆ្លងនៅក្នុងសហគមន៍នៃ

ចក្រភពអង់គ្លេសដោយមិនដឹងប្រភពច្បាស់លាស់នៃករណីខ្លះនៃជំងឺអុតស្វានេះ។

ករណីដែលបានរាយការណ៍នៅក្នុងប្រទេស និងក្រៅចក្រភពអង់គ្លេស មានបង្ហាញនៅជាបន្តបន្ទាប់ខាង ក្រោមនេះ ហើយក៏មិនទាន់មានអ្នកស្លាប់នៅឡើយដែរ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

២. ជំងឺអុតស្វា (Monkeypox) ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក ៖

ក្រោយពីទទួលបានរបាយកការណ៍ និងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងតាមដានទំនាក់ទំនង អង្គការសុខភាពពិភព លោកបានពិចារណា និងចាត់ទុកការចម្លង វីរុសនេះ នៅក្នុងចក្រភពអង់គ្លេសមានហានិភ័យ “ទាប” ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃមេរោគនេះ។

  • របាយការណ៍ដោយ Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ៖ កិច្ចប្រជុំគណៈកម្មការអង្គការសុខភាព ពិភពលោក (WHO) ដើម្បីពិភាក្សាអំពីបញ្ហានេះ គឺជា the Strategic and Technical Advisory Group on Infectious Hazards with Pandemic and Epidemic Potential (STAG-IH) ដែលជាអ្នកផ្តល់ប្រឹក្សាអំពីហា និភ័យនៃការឆ្លងជំងឺ បានលើកឡើងថា ជំងឺនេះអាចបង្កជាការគំរាមកំហែងសុខភាពសកល។ រីឯមន្ត្រីរដ្ឋ បាលជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា “វាហាក់ដូចជាមានហានិភ័យទាបសម្រាប់សាធារណជន ទូទៅនាពេលនេះ”។ អ្នកវិទ្យាសាស្ត្រ ក៏មិនបានរំពឹងថា ការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តន៍ទៅជាជំងឺរាតត្បាត ដូចជំងឺកូវីដ-១៩ ព្រោះវីរុសនេះ មិនឆ្លងងាយៗដូចវីរុសកូវីដ-១៩ (SARS-COV-2) ។

២.១. មកដល់បច្ចុប្បន្ននេះ មិនទាន់មានករណ៏ជំងឺអុតស្វាបែបនេះនៅកម្ពុជានៅឡើយ ៖

រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា និច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិ បាលតែងតែបានណែនាំ និងដូចដែលបានបង្ហាញនៅខាងក្រោមជាបន្តបន្ទាប់ទៀត។ .

.គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។

ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់។ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួល រមាស់នៅលើខ្លួន ( អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាង អាហ្វ្រិក (ប្រមាណជា ១០ប្រទេស) ដែលមានការកើតឡើងនូវជំងឺអុតស្វា (Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

២.២. ការរាតត្បាត និងស្ថានភាពបច្ចុប្បន្ន ៖

  • ជំងឺអុតស្វា (Monkeypox) គឺជាជំងឺដែលឆ្លងដោយវីរុស (ចម្លងពីសត្វទៅមនុស្ស) នៅតំបន់ត្រូពិចដែលមាន ភ្លៀងនៃអាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច – ជួនកាល មានបញ្ជូនការចម្លងជំងឺនេះ ទៅកាន់តំបន់ផ្សេងៗ ទៀតផងដែរ។

ស្ថានភាពឆ្លងបច្ចុប្បន្នមានការចាប់អារម្មណ៍ ព្រោះវាខុសពីសភាពដែលយើងបានឃើញពីមុនមក ដោយសារ ការផ្ទុះឡើងនាពេលថ្មីៗនេះ កំពុងកើតមាននៅក្នុងប្រទេសដែលមិនមានអង់ដេមី (non-endemic countries) ។

ជំងឺនេះមានស្ថានភាពវិវត្តន៍យ៉ាងលឿន ហើយករណីជាច្រើនទៀតទំនងជាត្រូវបានរាយការណ៍ថាមានការ . កើនឡើង។ មកទល់នឹងពេលនេះ មាន ២ ករណី ត្រូវបានរកឃើញនៅក្នុងបណ្តាប្រទេសប៉ាស៊ីហ្វិកខាងលិច។

សូមអាននូវអត្ថបទ លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩ ទាំងស្រុងដូចខាងក្រោម ៕