សង្វៀនជល់មាន់និងអាប៉ោងនៅក្នុងចំការស្វាយ ស្រុកត្រពាំងប្រាសាទកំពុងចាប់បើកដំណើរការលេងវិញហើយ…

54

(ខេត្តឧត្តរមានជ័យ)៖ ពលរដ្ឋល្អបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែលនៃភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ ដែលបានបិទមួយរយៈពេលខ្លីនោះឥឡូវនេះមានបុរសជើងខ្លាំងម្នាក់ឈ្មោះ(ស្រួច) កំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងអស់រយៈពេលជិតមួយខែវិញហើយ​ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានដឹងដែរឬទេ?

ប្រជាពលរដ្ឋបាននាំគ្នាសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅក្នុងចំការស្វាយ ក្រោយបានបិទមួយរយៈពេលខ្លីមក ឥឡូវបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងដែរឬទេ? ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?

ប្រភពដដែលបានឱ្យដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងបាញ់អាប៉ោងមួយកន្លែងនេះបានបិទមួយរយៈពេលខ្លីទៅហើយតែពេលនេះបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង ដែលគេនាំគ្នាចាក់ លុយរាប់លានរៀលសម្រាប់មាន់ជល់ភ្នាល់ចាក់លុយមួយគូៗ ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយមួយគ្រាប់ៗរាប់សិបម៉ឺនរៀល។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។

ដោយហេតុនេះ ពលរដ្ឋពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពសង្គម​នៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំងទើបស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត សូមមេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ​ ឃុំ មានសុវត្ថិភាព (ទាំង៩) ចំណុចរបស់រាជរដ្ឋា ភិបាលដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​។

អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕