ប្រជាពលរដ្ឋប្រហែល៣០០គ្រួសារផ្ទុះប្រតិកម្មចំពោះចៅអធិការវត្តកៀនកែសនិងអាចារ្យគណ:កម្មការវត្តឃុបឃិតគ្នាលក់ចេតីយ៍រួម

46

ខេត្តបាត់ដំបង%ប្រជាពលរដ្ឋប្រហែលជា៣០០គ្រួសារ បានប្រតិកម្មចំពោះចៅអធិការវត្តកៀនកែស និងអាចារ្យគណ:កម្មការវត្តឃុបឃិតគ្នា ឆបោក ដោយប្រមូលបច្ច័យ(លុយ)រាល់ថ្ងៃសីល បុណ្យផ្កាប្រាក់សាមគ្គី បុណ្យកឋិនទានពីពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋក្នុងភូមិឃុំដើម្បីកសាងចេតីយ៍ឬសាលាតំកល់ធាតុរួមគ្នា តែក្រោយក៏សាងចេតីយ៍បាន៨០ភាគរយ ប្រជាពលរដ្ឋយកធាតុឪពុកម្តាយទៅតំកល់ទុក ត្រូវបានចៅអធិការវត្ត និងអាចារ្យគណៈ:កម្មាការវត្តនិយាយថាការដាក់ធាតុ១ចន្លោះទទឹង២សង់ទីម៉ែត្រ និងបណ្តោយ៤សង់ទីម៉ែត្រ ត្រូវតម្រូវឲ្យបង់លុយ២៥០ដុល្លា ឬ៣០០ដុល្លាទើបទុកធាតុបាន ហើយក្នុងនោះមាន៣នាក់ទិញរួចហើយដែរ។

ប្រជាពុទ្ធបរិស័ទចោទថែមទៀតថាគណ:កម្មាការវត្តនិងចៅអធិការវត្តកៀនកែស ធ្វើអ្វីស្រេចចិត្តតែ២នាក់មិនឲ្យសង្ឃនៅក្នុងវត្តដឹងពីការចំណាយចំណូលឡើយ លក់រូបបេតិកភ័ណ្ឌ បានលុយយកទៅចិញ្ចឹមប្រពន្ធកូននៅផ្ទះធ្វើមានបានថែមទៀតផង។

ប្រជាពលរដ្ឋឲ្យដឹងទៀតថា មានមេភូមិ ស្មៀនឃុំ មេឃុំគោកឃ្មុំ មកគំរាមប្រជាពលរដ្ឋមិនឲ្យផ្តិតមេដៃតវ៉ាបើអ្នកណាហ៊ាន នឹងផាកពិន័យ២លានរៀលហើយប្រឈមឡើងដល់តុលាការ ហើយចំពោះលោក អភិបាលរងស្រុកថ្មគោលម្នាក់អួតខ្លួនជាឪច្បាប់ឈប់ឲ្យប្រជាពលរដ្ឋទៅប្តឹងទៅណាទៀត។

ហេតុការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋនេះបានកើតឡើងតាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នៅវត្តកៀនកែស ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រហូតមកដល់ ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ មិនទាន់មានការដោះស្រាយនៅឡើយទេ។

ប្រជាពលរដ្ឋសំណូមពរដល់ខាងធម្មការស្រុក ខេត្ត និងថ្នាក់ដឹងនាំជួយដោះស្រាយឲ្យពលរដ្ឋក្រីក្របានទុកដាក់ឆ្អឹងធាតុរួមគ្នាផង និងសូមឲ្យជ្រើសរើសគណៈកម្មាការអាចារ្យវត្តថ្មីតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបោះឆ្នោតរើសអាចារ្យតាមអាណត្តិ។

លើសពីនេះទៀត សុំឲ្យថ្នាក់លើជួយពិនិត្យមើលកូនចៅនៅមូលដ្ឋានដើរគំរាមឲ្យពលរដ្ឋ រឿងដកស្នាមមេដៃ ដែលផ្តិតប្តឹងតវ៉ារឿងលក់ចេតីយ៍ បើមិនដកនោះទេនឹងប្រឈមមុខនឹងផ្លូវច្បាប់។

លោកគ្រូសូត្រស្តាំព្រះនាម ខឹម អែម បានឲ្យដឹងថាចេតីយ៍ដែលកំពុងសាងសង់នេះគឺធ្វើឡើងឆ្នាំ២០២១ ដោយឃោសនាប្រមូលបច្ច័យរាល់ថ្ងៃសីល និងបុណ្យផ្កាប្រាក់សាមគ្គី និងបុណ្យកឋិនទាន និងសប្បុរសជនក្រៅប្រទេសដើម្បីឲ្យប្រជាពលរដ្ឋក្រីក្របានទុកដាក់ឆ្អឹងធាតុរួមគ្នា ក្រោយពីកសាងរួច លោកគ្រូសូត្រស្តាំបានបន្តថាព្រះអង្គមិនមានសិទ្ធអ្វីចូលរួមដោះស្រាយទេ សិទ្ធនៅក្នុងវត្តកៀនកែសនេះ មានតែអាចារ្យនិងចៅអធិការប៉ុណ្ណោះ។ ហើយដូចជារឿងកុដឬសាលាឆាន់ខូចតែ១០ភាគរយ ក្រុមគាត់ថាខូច៧០ភាគរយ

លោកគ្រូសូត្រស្តាំបួសនៅវត្តនេះប្រហែល១០វស្សា(១០ឆ្នាំ)ហើយតែលោកអាចារ្យគណកម្មាការនិងចៅះអធិការវត្តមិនបានផ្តល់តួនាទី ឬឲ្យដឹងពីការចំណូលនិងចំណាយឡើយ។

 

លោកចៅអធិការវត្តកៀនកែស ព្រះនាម អឿន រឿប បានឲ្យដឹងថារឿងចេតីយ៍រួមឬសាលាតំកល់ធាតុរួមគ្នាគឺសាងសង់ជិតរួចហើយក្នុងនោះមាន៣ថ្នាក់(៣ជាន់) ចំណែករឿងលក់ចេតីយ៍រួម គឺសប្បុរសជននៅអារិកដែលមានចំណែកចូលរួមកសាងច្រើនជាងគេគាត់ឲ្យយោបល់លក់ជាន់កណ្តាល ហើយជាន់លើ ជាន់ក្រោមទុកអោយប្រជាពលរដ្ឋដាក់ធាតុចុះ។ការលក់នេះគឺដើម្បីយកប្រាក់កសាងសមិទ្ធផលផ្សេងៗទៀតដើម្បីឲ្យវត្តកាន់តែរីកចំរើន។ការចោទថាមានលក់រូបបេតិកភ័ណ្ឌក្នុងវត្តគឺមិនមានទេ។

លោក សេង កំសត់ ប្រធានធម្មការស្រុកថ្មគោលបានឲ្យដឹងថាការផ្ទុះបាតុករក្នុងវត្តកៀនកែស កន្លងមកគឺដោយការស្អប់ ការស្រលាញ់ម្ខាងៗនិងការច្រណែនគ្នា។រឿងវត្តកៀនកែស រូបលោកបានដឹងហើយ រូបលោកបានរៀបចំដោះស្រាយម្តងពីរដងរួចហើយដោយសារបញ្ហាកូវីត១៩ ទើបមានការពន្យារពេល។

លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង  និងលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលបានឲ្យដឹងថារឿងពលរដ្ឋនិងអាចារ្យនិងចៅអធិការវត្តកៀនកែស រូបលោកបានឲ្យថ្នាក់ក្រោមចុះចាត់ចែងជាបណ្តើរហើយ។

ចំណែករឿងលោកណាថាគាត់ជាឪច្បាប់លោកមិនបានដឹងទេ។រូបលោករវល់ការងារច្រើនព្រោះដល់ពេលបោះឆ្នោតឃុំសង្កាត់ ហើយរូបលោកមិនទុកឲ្យប្រជាពលរដ្ឋអស់សង្ឃឹមដែរនឹងរកពេលថ្ងៃឈប់សំរាក ថ្ងៃសៅឬថ្ងៃអាទិត្យដើម្បីជួបពួកគាត់រកដំណោះស្រាយនូវបញ្ហានេះ។