សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយ របស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង ១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប បានបើកសម្ពោធជាផ្លូវការហើយ

10

នៅព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២នេះ ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ពោធ ជាផ្លូវការសួនរុក្ខជាតិអង្គរ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ នេះថា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះអាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។

លោកជំទាវបន្តថា សួនរុក្ខជាតិអង្គរ នឹងផ្តល់ជាសមិទ្ធផលទេសចរណ៍ថ្មីមួយ ដែលពោរពេញទៅដោយគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា នូវប្រភេទរុក្ខជាតិដ៏សំបូរបែបនៅក្នុងស្រុក និងក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បន្សំមួយចំនួនទៀតក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ចូលរួមថែរក្សា ការពារ និងអភិរក្សមរតកជាតិយើង។ លោកជំទាវបន្តថា សមិទ្ធផលថ្មីនៃសួនរុក្ខជាតិអង្គរ ក៏ដូចជាសមិទ្ធផលផ្សេងៗទៀត ដែលផុសឡើងក្នុងទឹកដីខេត្តសៀម រាប គឺជាសក្ខីភាពនៃសុខសន្តិ ភាពពេញលេញ នាពេលបច្ចុប្បន្ន ជាសមិទ្ធផលដ៏អស្ចារ្យកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សំឡេង៖សមិទ្ធផលថ្មីនៃសួនរុក្ខជាតិអង្គរ ក៏ដូចជាសមិទ្ធផលផ្សេងៗទៀតដែលផុសឡើងនាឱកាសនេះ ជាសក្ខីភាព នៃសុខសន្តិភាពពេលលេញនាពេលបច្ចុប្បន្ន ដែលជាសមិទ្ធផលដ៏អស្ចារ្យ កើតចេញពីការដឹកនាំប្រកប ដោយគតិបណ្ឌិត និងការយកជីវិតធ្វើជាដើមទុន របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយឈ្នះៗ ដោយមានការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ដើម្បីបុព្វហេតុស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា បានគាំទ្រ ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ ឯកឧត្តមបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខជាតិ ដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

សំឡេង៖ការផ្តួចផ្តើមការរៀបចំដាំឱ្យមានរុក្ខជាតិ រហូតដល់ទៅ៥០០មុខ ក៏ចាត់ទុកជាជំហានដំបូង យើងធ្វើការអភិវឌ្ឍន៍និងអភិរក្ស តាមលំអានហើយឱ្យកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ត្រូវចងចាំ ហើយថែរក្សាបន្តតទៅមុខទៀត ក្រៅពីនេះបានចូលរួមក្នុងការសម្របសម្រួលការប្រែប្រួលអាកាសធាតុ។ សួនរុក្ខជាតិអង្គរជារមណីយ ដ្ឋានកៃច្នៃនៅក្នុងក្រុងសៀម រាប មានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ ប្រភេទដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបថបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម។ ក្នុងនោះនាពេលអនាគត អាជ្ញាធរជាតិអប្សរា មានគម្រោងពង្រីកសួនរុក្ខជាតិអង្គរមួយនេះ ឱ្យបានទំហំធំ រហូតដល់១៣០ហិកតាគឺលាតសន្ធឹងផ្ទៃដី រហូតទៅដល់ព្រំប្រទល់កស្សិណទឹកខាងត្បូងនៃប្រាសាទអង្គរវត្ត ដើម្បីព្រលែងសត្វព្រៃឱ្យរស់នៅក្នុងតំបន់សួននោះបានកាន់តែច្រើន៕ប្រភព÷ក្រសួងព័ត៏មាន