នគរបាល ឃា ត់ ជនសង្ស័យជនជាតិថៃម្នាក់ធ្វើសកម្មភាពគាស់សោទ្វារផ្ទះពលរដ្ឋខ្មែរលួចយកទ្រព្យសម្បត្តិ

31

ខេត្តបាត់ដំបង ៖ បុរសជនជាតិថៃមួយរូបដោយញ៉ាមនឹងលួចបានទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរហើយបាន​ឆ្លៀតឱកាស​រត់​រួចខ្លួន​បានម្តងក៏បន្ត​ប្រព្រឹត្តអំពើ​ទុច្ចរិត​ដោយដើរ​ធ្វើ​សកម្មភាពដដែល ត្រូវនគរបាលតាម​ប្រមាញ់​យ៉ាង​ក្តៅ​គគុក​រហូត​ឈាន​ដល់​បង្ក្រាប​បាន​។

មន្ត្រីនគរបាលបានឱ្យដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា​នេះ​ថា ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង១២និង៤២នាទី នៅចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការបង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត ចុះ ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (គាស់​សោ​ទ្វារ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ) ០១ ករណីនិង​បាន​នាំ​ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទ​ប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ​ផ្ទះ​លេខ៧៣ ភូមិ៣ ឃុំ​បាង​កាក់​ធុម ស្រុក​បាង​កាក់​ធុម ខេត្ត​ភិ​ស្នុ​លោក ប្រទេស​ថៃ បច្ចុប្បន្ន​មក​ស្នាក់​នៅផ្ទះ​ចម្ការ ស្ថិត​ក្នុង​ភូមិ​ចម្លង​រមាំង​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង។

ជនសង្ស័យ​ខាងលើ​ជាជនជាតិថៃបាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​យក​ទួរណឺវីស​គាស់​ទ្វារផ្ទះ​ប្រជា ពលរដ្ឋខ្មែរចំនួន២លើក គឺ​នៅ​ក្នុង​ស្រុក​រតនមណ្ឌល១លើក និង​នៅ​ក្នុង​ស្រុក​បាណន់ ១ លើក។

ដោយ​លើក​ទី​១​-ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី១៩ ខែ​មេសា ឆ្នាំ ២០២២ នៅ​វេលា​ម៉ោង​ប្រហែល៩ព្រឹក ជនសង្ស័យ​គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​នៅចំណុច​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដែល​ជាកម្មសិទ្ធិរបស់ឈ្មោះ ឆោម សំអាត ភេទ​ប្រុស អាយុ ៥២ឆ្នាំ មាន​ទីលំនៅ​ខាងលើដោយយកបានសម្ភារនិងទ្រព្យសម្បត្តិរួមមាន ៖ ខ្សែកមាសទម្ងន់៥ ជី​,បន្តោង​ខ្សែកមាស​៣ជី ,​កងដៃ​ប្លាទីន៥ ជី ,​ខ្សែកប្លាទីន៤  ជី,​ចិញ្ចៀន​ប្លាទីនដាំ​ត្បូង​ពណ៌​ខៀវ២០គ្រាប់១វង់​,​ចិញ្ចៀន​ប្លាទីនស្នាយចំនួន១វង់,ចិញ្ចៀន​ពេជ្រ១ វង់ (​តម្លៃ ២៨០០ដុល្លារ), ប្រាក់​ដុល្លារ ចំនួន២០០ ដុល្លារ,​លុយខ្មែរ​ចំនួន១០ម៉ឺន​រៀល។

លើក​ទី​២​-ជនសង្ស័យ​ធ្វើ​សកម្មភាព កាលពី​ថ្ងៃ​ទី ០៥ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង៤និង៤៥នាទី​ទៀបភ្លឺ ដោយបាន​គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យ​សម្បត្តិ​នៅ​ចំណុច​ភូមិ​គរ ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ សាន សុខា ភេទ​ស្រី អាយុ៤០ឆ្នាំ មាន​ទីលំនៅ​ខាងលើ។

សម្ភារបាត់បង់​រួមមាន ៖ ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង,​ខ្សែ​ដៃ​មាស១ខ្សែទម្ងន់១តម្លឹង,ចិញ្ចៀន​មាស១វង់ទម្ងន់៥ជី, ប្រាក់​ខ្មែរ​ចំនួន ៥,៣០០,០០០ រៀល (ប្រាំ​លាន​សាម សិប​ម៉ឺន​រៀល) ,​ប្រាក់​ដុល្លារ​ចំនួន១០៥០ ដុល្លារ (​មួយពាន់​ហាសិប​ដុល្លារ)។

ក្នុង​នោះ​វត្ថុ​តាង​ដកហូត​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ ១០០ គ្មាន​ស្លាក​លេខ ស៊េរី​ចាស់ ចំនួន០១គ្រឿងពី​ជនសង្ស័យ​ផង​ដែរ។

លោក ឈឿង គឹមសុង បញ្ជាក់ថា បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី៕