ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅខែក្រោយនេះឱ្យបានល្អ

12

ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២–

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលា រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាង ស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេសនិងមន្ទីរចំណុះឱ្យ រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាព អសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណាឱ្យការបោះ ឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង ទាមទារឱ្យកម្លាំងនិងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែង បំពេញការងារ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើល ផ្លូវច្បាប់ឱ្យច្បាស់លាស់ ដើម្បីអនុវត្តន៍ការងារទាំងនេះបានទៅដោយរលូន បានល្អប្រសើរ និងគ្មានកំហុសឆ្គង។

សូមបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនានិងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់នេះ ដោយនៅ ភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មានការិយាល័យ បោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ដោយចាប់ពីពេលនេះតទៅ រហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំកម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ។ នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបានរៀបចំជា៣តំបន់ នោះគឺតំបន់ A B និងC (A នៅបរិវេណបោះឆ្នោត, B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងC នៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណាឱ្យការ បោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕ប្រភពក្រសួងព័ត៏មាន AKP