ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងអំពីការបាក់ដី ដែលមានម៉ាស៊ីនបូមខ្សាច់របស់លោកឧកញ៉ា ផេង វណ្ណា ស្របពេលដែលអាជ្ញាធរមិនមានការអើពើ..

19

កណ្តាល៖ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេលដែលមានម៉ាស៊ីនបូមខ្សាច់ កំពុងតែសម្រុកបូមទាំងយប់ទាំងថ្ងៃនៅក្នុងអូរដំរីស្រុត ជាអូរមេទឹករួមរបស់ប្រជាពលរដ្ឋយកទៅដាក់ក្នុងដីឯកជនរបស់លោកឧកញ៉ា ផេង វណ្ណា ដែលមានទំហំធំល្វឹងល្វើយ នៅក្នុងភូមិ ព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យដឹងថា ម៉ាស៊ីនបូមខ្សាច់នេះជារបស់លោកឧកញ៉ា ផេង វណ្ណា បូមចេញពីដីអូររបស់រដ្ឋមកដាក់ដីឯកជនរបស់ខ្លួនទាំងយប់ទាំងថ្ងៃ ដោយមិនមានអាជ្ញាធរចុះមកពិនិតត្យនោះទេ។ ទីតាំងនេះបើមើលទៅពិតជាមិនអាចបូមយ៉ាងដូច្នេះនោះទេ ព្រោះជាអូរ ដែលមានទឹកនិង គ្មានចរន្តហូរ ហើយបើបូមបែបនេះ នឹង ធ្វើឲ្យមានការបាក់ដីជាក់ជាមិនខានឡើយ។

ទីតាំងរួមទាំងសកម្មភាពបូមខ្សាច់នេះមិនដឹងថាមានច្បាប់ ឬ យ៉ាងណានោះទេ? ហើយមិនដឹងថាអាជ្ញាធរណាជាអ្នកអនុញ្ញាតឲ្យធ្វើសកម្មភាពដូច្នេះទេ ឬ មួយជាសកម្មលួចលាក់មិនឲ្យអាជ្ញាធរដឹង? ចំពោះករណីនេះភ្នាក់ងាររបស់យើងនៅមិនទាន់ដឹងថាម៉ាស៊ីនបូមខ្សាច់នេះពិតជារបស់លោកឧកញ៉ា ផេង វណ្ណា ឬ យ៉ាងណានោះទេ។ ជុំវិញករណីនេះភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោកមេឃុំព្រែកលួងតាមប្រព័ន្ធតេលេក្រាម និងតាមរយៈលេខទូរសព្ទផងដែរតែមិនមានការឆ្លើយតបនោះទេ។

ជុំវិញករណីនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់អាជ្ញាធរក៏ដូចជាសមីជនដែលពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលា៕