ជនសង្ស័យម្នាក់ និងគ្រឿងញៀនជាង២៥គីឡូក្រាមដែលបង្រ្កាបបានបង្ហាញមុខជាសាធារណៈមុននឹងបញ្ជូនទៅតុលាការ

42

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់ជាសាធារណៈជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង២៥គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញមុននឹងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។

គួររំលឹកថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ លោក តឹក សូនី នាយការិយាល័យ និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចបន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ាត ម៉ាទី    ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖

-មេតំហ្វេតាមីន(ICE)ទម្ងន់២០គ.ក្រ ៩៩០.៧៣ក្រាម

-អុិចស្តាស៊ី(MDMA) ២គ.ក្រ ៨០០ក្រាម

-កេតាមីន(Ketamine) ១ គ.ក្រ ៤០២ ក្រាម  សរុបទាំងអស់មានទម្ងន់២៥គ.ក្រ ១៩២.៧៣ក្រាម និងដកហូតបានអាវុធវែង២ដើម និងគ្រាប់ចំនួន៩៦គ្រាប់ ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕