ជនសង្ស័យ២នាក់ ប្ល ន់ ម៉ូតូពីនារី២នាក់កំពុងជិះតាមដងផ្លូវតែមិនបានសម្រចត្រូវសមត្ថកិច្ចក្របួចជាប់

16

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២នាក់ជិះម៉ូតូធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីនារី២នាក់ដែលកំពុងជិះតាមដងផ្លូវ តែពុំបានសម្រេចឡើយ ត្រូវសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់ទាំងពីរនាក់កាលពីរសៀលថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០២២​នេះ នៅមុខច្រកចូលរោងចក្រដើមត្នោត (ខាងលិចរង្វង់មូលព្រែកសំរោង) លើផ្លូវលេខ១១៥ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យ២នាក់ខាងលើពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង​ឌុបគ្នា​ ហើយធ្វេីសកម្មភាពធាក់ប្លន់យកម៉ូតូម៉ាកBeat ពីនារី២នាក់​ តែភ្លាត់ស្នៀតបណ្ដាលដួលរងរបួសទាំងអស់គ្នា ហើយភ្លាមៗនោះសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់​ រីឯម្នាក់ទៀតបានរត់គេចខ្លួន​ចូលក្នុងដីឡូត៍មួយកន្លែងនៅក្បែរនោះ តែត្រូវបានប្រជាពលរដ្ឋ​សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ និងកម្លាំងប៉ុស្តិ៍នគរបាលតាខ្មៅ​ឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន​តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅកំពុងធ្វើការសាកសួរ​ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕