“ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិនៃការដឹកនាំ”

21

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានមានប្រសាសន៍សម្តែងការគាំទ្រយ៉ាងពេញទំហឹង នូវការសម្រេចចិត្តនៃសន្និបាតកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣។

ឯកឧត្តមបានមានប្រសាសន៍ថា៖ “ការសម្រេចជ្រើសយកឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត ជាការបង្ហាញផែនការច្បាស់លាស់របស់បក្ស និងធានាមិនឲ្យមាននូវវិបត្តិនៃការដឹកនាំ”។ ទន្ទឹមនឹងការគាំទ្រនេះ ឯកឧត្តមបានបន្តថាការរៀបចំផែនការបន្តវេនច្បាស់លាស់ នឹងបន្តនូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គម ជាពិសេសធានាការជឿជាក់ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអង្គលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ជូនដល់អង្គប្រជុំ ដោយផ្តោតជាពិសេសលើការបន្តរក្សាស្មារតីផ្ទៃក្នុង ជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្ស និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សមាជិក សមាជិកា គ្រប់ៗរូប។ ឯកឧត្តម បានលើកឡើងថា៖ « កត្តាស្មារតីភាព ឯកភាពផ្ទៃក្នុង គឺកត្តាសំខាន់ និងជាអាទិភាពខ្ពស់របស់សមាជិកគណៈបក្សយើង។ ជាមួយគ្នានេះ កត្តាកំណត់ភាពជោគជ័យរបស់បក្ស គឺការអនុវត្តជាក់ស្តែងនូវកម្មវិធីនយោបាយនៅតាមកម្រិតមូលដ្ឋានផ្ទាស់ ដើម្បីបម្រី និងបំពេញតម្រូវការជាក់ស្តែងជូនដល់បងប្អូនប្រជាពលរដ្ឋ»។

សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ មានការចូលឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ និងជាសមាជិកគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្ស ឯកឧត្តម គួច ចំរើន  ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ។