យុទ្ធនាការអន្ទាក់សូន្យ ជាការផ្តល់សញ្ញាមួយថ្មី នៃការអនុវត្តច្បាប់ម៉ឺងម៉ាត់ពីបទល្មើសធនធានធម្មជាតិ និងបទល្មើសសត្វព្រៃ

23

ក្នុងយុទ្ធនាការអន្ទាក់សូន្យ ដើម្បីបញ្ឈប់ ការដាក់អន្ទាក់ គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃ ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា គឺ ជាការផ្តល់សញ្ញាមួយថ្មី នៃការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បទល្មើសសត្វព្រៃ គ្រប់ប្រភេទ នៅតាមទីផ្សារ នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ជាក្រុមអ្នកអនុវត្តច្បាប់។ នេះជាការបញ្ជាក់ ពីសំណាក់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីបើក «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តស្ទឹងត្រែង» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក នេត្រ ភក្រ្តាបានឱ្យដឹងថាៈ យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការ រវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកល សម្រាប់ធម្មជាតិ WWF នេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃយុទ្ធនាការ អន្ទាក់សូន្យ រយៈពេល ៦ ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រ ភាគខាងកើតទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើម និងដឹកនាំធ្វើដោយ ក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការ ក្នុងការងារអភិរក្ស។

ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ គោលបំណងសំខាន់ នៃយុទ្ធនាការ អន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់ អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃ ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិ កាន់តែមាន សុវត្ថិភាព សម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ធ្វើជាជម្រក សម្រាប់រស់នៅ និងមាន លទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តពូជបង្កើតកូនពូនជាចៅ រាប់ជំនាន់ទៅមុខទៀត។

សម្រាប់យុទ្ធនាការ នេះដែរ ក៏ជាការផ្តល់សញ្ញាមួយថ្មី នៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសសត្វព្រៃគ្រប់ប្រភេទ នៅតាមទីផ្សារតាម ភោជនីយដ្ឋាន តាមសណ្ឋាគារ ផ្ទះសំណាក់ និងនៅតាមតំបន់ទេសចរណ៍នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ ជាក្រុមអ្នក អនុវត្តច្បាប់។

លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ យុទ្ធនាការអន្ទាក់សូន្យរបស់យើង នៅពេលនេះ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរ ដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ឱ្យបញ្ឈប់សកម្មភាព ខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មី ជំនួសវិញ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលចូលចិត្តហូបសាច់សត្វព្រៃ ឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ការជួញដូរ សំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វព្រៃ ដើម្បីផលប្រយោជន៍ នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ ទេសចរណ៍ធម្មជាតិ។

គួររំលឹកថា នៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែងនេះ ផងដែរ គេឃើញ ផ្ទាំងប៉ាណូ ២ផ្ទាំង ប្រឆាំងការបរបាញ់ ការដាក់អន្ទាក់ខុសច្បាប់ ប្រឆាំងការជួញដូរសត្វព្រៃ ខុសច្បាប់ ក៏ត្រូវបានសម្ពោធផ្សព្វផ្សាយ ដោយលោក នេត្រ ភក្ត្រា និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ គណៈប្រតិភូ ក៏បានចុះពិនិត្យនៅក្នុងផ្សារ (សាមគ្គី) ស្ទឹងត្រែង ដែលល្បីល្បាញ ខាងការលួច លក់ដូរ សត្វព្រៃផងដែរ៕