ដំណាំស្ពៃក្ដោប មានតម្រូវការខ្លាំង ប្រែក្លាយជីវភាពរបស់អ្នកស្រុកកោះញែក មិននឹកស្មាន

11

មណ្ឌលគិរី ៖ ស្ពៃក្តោប របស់សហគមន៍តំបន់ការពារធម្មជាតិទន្សោងកោះញែក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រជាសហគមន៍ដែលបានប្រកបរបរដាំបន្លែនៅសហគមន៍នេះ ភាគច្រើនជាអ្នកធ្លាប់មានមុខរបរចូលព្រៃកាប់ឈើ និងព្រានព្រៃដាក់អន្ទាក់ចាប់សត្វ និងប្រមាញ់សត្វព្រៃ។

តាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា អ្នកស្រុកកោះញែក ពេលប្រកបរបរចូលព្រៃកាប់ឈើ ទន្ទឹមនឹងប្រឈមមុខច្បាប់ ក៏មិនមានសល់ប្រាក់កាសអ្វីទេព្រោះពេលចូលព្រៃត្រូវខ្ចីប្រាក់គេដើម្បីឱ្យគ្រួសារនិងខ្លួនឯងចាយ ហើយកូនៗក៏មិនបានទៅរៀនដែរ។ ប៉ុន្តែពេលមានមុខរបរនៅផ្ទះ ដាំបន្លែបង្ការផ្គត់ផ្គង់ទីផ្សារ ពួកគាត់មានជីវភាពល្អ កូនៗបានទៅរៀនសូត្រ មានបន្លែបង្ការហូប និងលក់បានថវិកា និងមិនប្រឈមមុខជាមួយនឹងការអនុវត្តច្បាប់របស់សមត្ថកិច្ច។

បច្ចុប្បន្នបន្លែរបស់គាត់បានផ្គត់ផ្គង់តម្រូវការនៅខេត្តមណ្ឌលគិរី។ បងប្អូនធ្លាប់អញ្ជើញទៅមណ្ឌលគិរីធ្លាប់បានភ្លក្សរសជាតិឆាស្ពៅក្តោបមណ្ឌលគិរីហើយ ដឹងថារសជាតិឆ្ងាញ់យ៉ាងណា។ នេះគឺជាផ្នែកមួយនៃការចូលរួមបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ បង្កើតចំណូលជូនពលរដ្ឋ ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហា និងការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ជាពិសេសទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយសារតែតម្រូវការក្នុងជីវភាព៕