លោក ហ៊ុនម៉ានី ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ

10

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ខ្ញុំសូមរំឭកបន្តិចពីប្រវត្តិដែលនាំឲ្យមានការសាងសង់អគារទាំង២នេះ។

កាលនោះផ្ដើមចេញពីការចុះជួបសំណេះសំណាល របស់ខ្ញុំជាមួយលោក លោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព បានឲ្យឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពិតជាមានការខ្វះខាតជាផ្នែកសម្ភពពិតប្រាកដមែន ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។

លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់សម្រាល ត្រូវបានដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ។

លើសពីនេះទៅទៀត ដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈតូចចង្អៀតដាក់គ្រែក៏បានតិចហើយបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើនដែលជាហេតុនាំឲ្យពិបាករកទីកន្លែងសមរម្យសម្រាប់អង្គុយរង់ចាំ។

ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ក្រុមការងារក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកាដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ។

 

ទន្ទឹមនឹងនេះដែរ ចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួបសំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះខ្ញុំទទួលបានសំណូមពរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈ។

តាមរយៈការពិនិត្យជាក់ស្ដែងនៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមានស្រាប់មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃអគារអន្តេវាសិកស្របតាមតម្រូវការចាំបាច់ ទាំងអស់នោះ។

លោកថ្លែងថា, ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរជាមួយមន្ត្រីបុគ្គលិក សុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្ស នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានទទួលនូវសមិទ្ធផលថ្មីពីរបន្ថែមទៀត សម្រាប់បម្រើឲ្យសេចក្ដីត្រូវការនៅក្នុងមន្ទីរពេទ្យ ក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងក្របខ័ណ្ឌ ខេត្តកំពង់ស្ពឺនិយាយជារួម និងនិយាយដោយឡែកសម្រាប់ក្រុមអ្នកក្រុងច្បារមនរបស់យើង។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តម លោកជំទាវអគ្គរដ្ឋទូតគ្រប់អាណត្តិ ដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើនដែលជាឧត្តមប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ព្រមទាំងសូមថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្ដល់នូវធនធាន ឬជាថវិកាផ្សេងៗ និងការលះបង់កម្លាំងកាយចិត្តនានា ចូលរួមអភិវឌ្ឍ និង កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលធំៗជាច្រើន មិនថានៅក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ ថែមទាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕