បំបែកសំបុកអ្នកប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង១៥នាក់ …

23

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា បានចុះប្រតិបត្តិការ ទ្រង់ទ្រាយធំនៅតំបន់ស្មុគស្មាញក្នុងភូមិចាម ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតំបន់ភូមិចាមសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញចុះក្នុងរង្វង់ប្រតិបត្តិការនេះបានឱ្យដឹងថា មុនឈានដល់ការចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំបែបនេះ ព្រោះមានបងប្អូនប្រជាពលរដ្ឋក្នុងភូមិបានរាយការណ៍និងសំណូមពរ សូមឱ្យអាជ្ញាធរខណ្ឌចុះធ្វើរដ្ឋបាលនិងចាត់វិធានការផង ដោយនៅក្នុងភូមិមានក្មេងៗទាំងប្រុសទាំងស្រីពពាក់ពពូនគ្នាប្រើប្រាស់សារធាតុញៀន ចេញចូលក្នុងភូមិទាំងយប់ទាំងថ្ងៃ បង្កជាហានិភ័យ អសន្តិសុខផងដែរ។

ដូច្នេះហើយទើបមកដល់រសៀលថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដឹកនាំផ្ទាល់ដោយលោក កែវ សារ៉ាវុធ អភិបាលរងនៃគណៈអភិបាលខណ្ឌជ្រោយចង្វាចុះប្រតិបត្តិការ នៅតំបន់ស្មុគស្មាញ ដែលហៅថាភូមិចាម នោះដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ ក្នុងនោះមានស្រីចំនួន០៤នាក់ ដកហូតវត្ថុតាងរួមមានសារធាតុញៀនមួយចំនួន ដាវរបស់ជនសង្ស័យ និងសម្ភារមួយចំនួនផ្សេងទៀត។

កម្លាំងសមត្ថកិច្ចដែលចុះក្នុងហេតុការណ៍នេះបានបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះក្រុមជនសង្ស័យបានប្រទូស្តរ៉ាយជាមួយអាជ្ញាធរដោយមាន ដាវ ចប និងប៉ែលផងដែរ។

ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំង១៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕