សម្តេចតេជោ បានស្នើឱ្យកម្លាំងរក្សាសន្តិភាពប្រទេសទាំងពីរ ជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត

12

ភ្នំពេញ)៖ សម្តេចតេជោ បានស្នើឱ្យកម្លាំងរក្សាសន្តិភាពប្រទេសទាំងពីរ ជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យលោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះនាវាជប៉ុន ដែលបានចូលចតនៅកម្ពុជា។ សម្តេចតេជោ បានគូសរំលេចថា ការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនទាំងពីរគ្រឿងនេះ គឺចំខួប៣០ឆ្នាំ នៃការបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា និងជាភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ ក្នុងបេសកកម្មរក្សាសន្តិភាពរវាងកម្ពុជា និងជប៉ុន។

សម្តេចតេជោ បានបង្ហាញការសង្កេតឃើញរបស់សម្តេចថា តួនាទីរបស់ជប៉ុន ក្នុងបេសកកម្មរក្សាសន្តិភាព បានដើរតួនាទីកាន់សំខាន់។ សម្តេចតេជោ ក៏បានរំលឹកដល់បេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅក្នុងប្រទេសកម្ពុជាកាលពី៣០ឆ្នាំមុន។ សម្តេចតេជោ បានលើកឡើងថា បេសកកម្មនោះ មិនត្រឹមតែជួយរកសន្តិភាពឱ្យកម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការធ្វើឱ្យមាន ភាពរីកចម្រើននៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះកិច្ចសហប្រតិបត្តិការនៃកម្លាំងរក្សាសន្តិភាពកម្ពុជា និងជប៉ុន។ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យកម្លាំងរក្សាសន្តិភាពនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យមានសន្តិសុខ សន្តិភាព និងការគោរពច្បាប់នានារបស់អន្តរជាតិ។

គួររំលឹកថា នាវាស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង និងនាវិកប្រមាណ ២០០នាក់ បានចូលចតនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបំពេញបេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជា។

នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។