លោកឧត្តមសេនីយ៍ ឈុំ សុជាត អំពាវនាវដល់សមត្ថកិច្ចចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់ និងស្នើឲ្យសារព័ត៌មានបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ

48

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះបានចេញសេចក្តីបំភ្លឺថា៖ នាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយអំពីបុគ្គលឈ្មោះ ហួន សីហា ហើយអះអាងថាជាជំនួយការរបស់ឯកឧត្ដម ដោយបានយកឈ្មោះរបស់ឯកឧត្ដមទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការយកលុយជាថ្នូរនឹងការបញ្ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទជាដើម។នេះបើយោងតាមសេចក្តីបំភ្លឺរបស់នាយឧត្ដមសេនីយ៍ ឈុំ សុជាត ដែលបណ្ដាញព័ត៌មានយើងទើបទទួលបាននៅព្រឹកនេះ។

លោកឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយដែលមិនបានបញ្ជាក់ឲ្យបានត្រឹមត្រូវនេះ ហើយសូមបញ្ជាក់ដែរថា រូបឯកឧត្ដមមិនដែលមានជំនួយការឈ្មោះ ហួន សីហា ដូចការផ្សព្វផ្សាយនោះទេ។ រាល់សកម្មភាពរបស់ឈ្មោះ ហួន សីហា គឺជាទង្វើបុគ្គលសុទ្ធសាធ មិនគួរមានការផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងក្រសួងការពារជាតិឡើយ។

 

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ ឈុំ សុជាត ស្នើសុំនិងអំពាវនាវដល់សារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយដោយមានការភាន់ច្រឡំ ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍រដ្ឋលេខាធិការ ក៏សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច សូមចាត់វិធានការស្រាវជ្រាវ ដើម្បីផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តល្មើសទៅតាមនីតិវិធីច្បាប់៕