ក្រសួងព័ត៌មានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមអ្នក នាំពាក្យរបស់ក្រសួង…!

3

ភ្នំពេញ ៖ ក្រសួងព័ត៌មាន សម្រេច ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យ ក្រសួងព័ត៌មាន ដែលមានសមាសភាពដូចខាងក្រោម ៖
១-លោក ទេព អស្មារិទ្ធ អនុរដ្ឋលេខាធិការ អ្នកនាំពាក្យ
២-លោក នឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ អ្នកនាំពាក្យរងទី១
៣-លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ អ្នកនាំពាក្យរងទី២
៤-លោកស្រី ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ លេខាធិការ
-ក្រុមអ្នកនាំពាក្យនេះ មានភារកិច្ចដូចតទៅ៖ ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងព័ត៌មាន
– ទំនាក់ទំនង និងឆ្លើយឆ្លងព័ត៌មានផ្លូវការជាមួយសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ
-សហការជាមួយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ដើម្បី ការពារសមិទ្ធផល ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា
-សហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងផ្តល់ព័ត៌មានជូនសាធារណជនទាក់ទងនឹងវិស័យព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
-រៀបចំសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ ឬព្រឹត្តិការណ៍ផ្សេងៗ របស់ក្រសួងព័ត៌មាន តាមការចាំបាច់ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។
ខុទ្ទកាល័យ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន ប្រធាននាយកដ្ឋាននិងអង្គភាពចំណុះក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងសាមីខ្លួនដូចក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕