មានការភ្ញាក់ផ្អើលទាំងយប់ បុគ្គលិកកាស៊ីណូម៉ុកបាយម្នាក់ស្លា.ប់មិនដឹងមូលហេតុ…

176

ខេត្តស្វាយរៀង ៖  មានការភ្ញាក់ផ្អើលទាំងយប់ដល់បុគ្គលិកកាស៊ីណូរហូតដល់រាយការណ៍ទៅរដ្ឋបាលក្រុមហ៊ុនកាស៊ីណូប្រញាប់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ប៉ុន្តែជា អកុសលហួសពេលទៅហើយ បន្ទាប់ពីបុរសជនជាតិវៀតណាមម្នាក់ដែលបម្រើការងារជាមួយគ្នាមានអាការៈមិនស្រួលពេលកំពុងដេកនៅលើគ្រែ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ជីន វ៉ាន់ទៀន (TRINH VAN TIEN)  អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូម៉ុកបាយ កាន់លិខិតឆ្លងដែនលេខC ៩៨៤៤០៤៩ មានទីលំនៅខេត្តអានយ៉ាង ប្រទេសវៀតណាម  ។

ប្រភពបន្តថា នៅវេលាម៉ោង ១២និង៤០នាទីយប់ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានទទួលព័ត៌មានពីឈ្មោះ អ៊ុក សុខឃាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរផ្នែករដ្ឋបាលក្រុមហ៊ុនកាស៊ីណូ ម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរាយការណ៍មកសមត្ថកិច្ចថា មានបុគ្គលិកក្រុមហ៊ុនម្នាក់បានស្លាប់ពេលបញ្ជូនយកទៅព្យាបាលទៅមន្ទីរពេទ្យឯកជន  ។

ក្រោយពីទទួលបានព័ត៏មាននេះភ្លាមសមត្ថកិច្ចនគរបាលក្រុងនិងនគរបាលជំនាញនិងប៉ុស្ត៏រដ្ឋបាលរួមជាមួយគ្រូពេទ្យផងបានចុះដល់ទីតាំងកើតហេតុដើម្បីពិនិត្យសព។

សពត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យពិនិត្យនិងធ្វើកោសល្យវិច័យតាមក្រោយបន្តទៀត៕