ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត ឈឿង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

7

នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នុត ឈឿង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នៅក្នុងឱកាដដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ ពេជ សុខា ព្រមទាំងក្រុមគ្រួសារ ដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងព័ត៌មានទាំងអស់ ខ្ពិតជាមានសេចក្តីរន្ធត់ក្រៀមក្រំក្នុង ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម នុត ឈឿង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែល ត្រូវជាស្វាមីរបស់លោកជំទាវបានទទួលមរណភាព នាថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង៣០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។


មរណភាពរបស់ ឯកឧត្តម នុត ឈឿង គឺជាការបាត់បង់នូវឧត្ដមស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់ ដែលជានិច្ចកាលតែងបាន យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់នូវដំបូន្មានល្អៗ ដល់កូនចៅឱ្យបាន ក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយក៏ជាការបាត់បង់នូវធនធានមនុស្សពោរពេញដោយបទពិសោធន៍ក្នុងវិស័យ ព័ត៌មាន ដែលក្នុងឆាកជីវិតរបស់ឯកឧត្តមបានបូជាទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ខិតខំតស៊ូគ្រប់បែប យ៉ាងដើម្បីបម្រើជាតិមាតុភូមិ។


ទោះបីរូបកាយរបស់ ឯកឧត្តម នុត ឈឿង បានរសាត់បាត់បង់បន្តិចម្តងទៅហើយក្តី តែស្នាដៃក្នុងការងាររបស់បឯកឧត្តម នៅបន្សល់ទុកក្នុងការចងចាំរបស់បងប្អូនសហសេវិកក្នុងក្រសួង ព័ត៌មាន ហើយបង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅមិនអាចបំភ្លេចបានឡើយ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នុត ឈឿង ជាទីគោរពស្រលាញ់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕