កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំង លួចបើកល្បែងស៊ីសងខុសច្បាប់ (មានអាជ្ញាប័ណ្ណឆ្នោតខ្មែរ បង្កប់ឆ្នោតវៀតណាម)

17

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥:៣៤នាទី ដោយទទួលបាននូវការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំង លបលួចបើកល្បែងស៊ីសងខុសច្បាប់ (មានអាជ្ញាប័ណ្ណឆ្នោតខ្មែរ បង្កប់ឆ្នោតវៀតណាម) ស្ថិតនៅតូបលេខ ១៤ ក្នុងទីេួមផ្សារចាស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

តាមការពិនិត្យជាក់ស្ដែង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ពិនិត្យឃើញថា៖ លោកស្រី គួង ឆេងហាក់ ម្ចាស់តូបលេខ ១៤ មានមុខរបរ លក់ទៀនធូប បានប្រព្រឹត្តលបលួច កត់ឆ្នោតវៀតណាមខុសច្បាប់ ដែលមានវត្ថុតាងជាក់ស្ដែងរួមមាន៖

១. វិញ្ញាបនបត្របញ្ជាក់ផ្តល់សិទ្ធិលក់ ចំនួន ០១ច្បាប់ ឈ្មោះ គួង ឆេងហាក់ របស់ក្រុមហ៊ុន ឌ្រីមវីន ខបភើរេសិន បានប្រគល់សិទ្ធិលក់ឆ្នោត ៥ខ្ទង់ ( 5D ) ជាមួយរង្វាន់លួងចិត្ត ៤ខ្ទង់, ៣ខ្ទង់ និង ២ខ្ទង់ ចុះនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ សម្រាប់តែឆ្នោតរបស់ក្រុមហ៊ុន ឌ្រីមវីន ខបភើរេសិន តែប៉ុណ្ណោះ។

២. ក្ដាបង្ហាញលទ្ធផលឆ្នោតខ្មែរ ចំនួន ០១

៣. សៀវភៅបញ្ជីឆ្នោត

៤. កន្ទុយសម្រាប់កត់ឆ្នោតមួយចំនួន (ក្រដាសសម្រាប់កត់)

៥. ម៉ាស៊ីនសម្រាប់កត់ឆ្នោតវៀតណាម ពណ៌ស ចំនួន ០១គ្រឿង

៦. ម៉ាស៊ីនសម្រាប់កត់ឆ្នោតខ្មែរ ចំនួន ០១គ្រឿង

៧. ម៉ាស៊ីនគិតលេខ ចំនួន ០១គ្រឿង

៨. ទូរស័ព្ទដៃ ចំនួន ០២គ្រឿង

៩. លុយខ្មែរ ចំនួន ១,០០០,០០០រៀល។

គណៈកម្មការផ្សារចាស់ បានសម្រេចដកហូតវត្ថុតាង និង បញ្ជូនជនល្មើស ទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕