សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអី

0

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអី នារសៀលថ្ងៃសៅរ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី (ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល) បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

សម្តេចកិត្តិសង្គហបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្តាយដោយក្តីអាឡោះអាល័យ ជាមួយ ឯកឧត្តម ចាយ បូរិន និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិត របស់ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន បុត្រា បុត្រី និងចៅៗរហូតក្លាយជាបញ្ញវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សពបានកំពុងតម្កល់ធ្វើបុណ្យនុប្បទានតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៥៥ ផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕